កីឡាវ័យក្មេង ៣៥នាក់ ប្រឡងឡើងខ្សែក្រវាត់កីឡាហាប់គីដូ

12 07 2018

សហព័ន្ធកីឡា ហាប់គីដូកម្ពុជា បានរៀបចំ ការប្រកួតប្រឡងឡើង ខ្សែក្រវាត់តាមកម្រិត នីមួយៗដែលមានកីឡាករ កីឡាការិនី វ័យក្មេងមកពី៣ក្លឹប ចំនួន៣៥នាក់ ចូលរួមប្រកួត ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡា ហាប់គីដូកម្ពុជា មានប្រសាសន៍ថា ក្នុងចំណោម កីឡាករ កីឡាការិនី ចំនួន៣៥នាក់នេះ គឺមានប្រឡងឡើងខ្សែក្រវាត់ កម្រិតសឆ្នូតឡើងទៅលឿង លឿងឆ្នូត ឡើងទៅទឹកក្រូច បៃតងឆ្នូតឡើងខ្សែក្រវាត់ខៀវ។ លោកអះអាងថា ជាមួយ នឹងការខិតខំរបស់ ថ្នាក់ដឹកនាំ គ្រូ បង្វឹកនានា គឺបច្ចុប្បន្នវិស័យកីឡាហាប់គីដូ មានរីកចម្រើនជាជំហានៗ តាមរយៈទាក់ទាញ បានក្មេងៗតូចៗបាន នាំគ្នាមកចូលរួម ហ្វឹកហាត់ជាបន្តបន្ទាប់ ដោយអាណាព្យាបាល របស់ពួកគាត់បានយល់ដឹង អំពីសារៈសំខាន់នៃ ការហ្វឹកហាត់ កីឡាហាប់គីដូនេះ ជាពិសេសការហ្វឹកហាត់ ធ្វើឲ្យក្មេងៗសប្បាយរីករាយ ហើយធ្វើឲ្យក្មេងៗ ចង់ហាត់ និងប្រមែលប្រមូលគ្នា ចូលរួមហ្វឹកហាត់ ជាមួយគ្នា កាន់តែច្រើនឡើងៗ។

អគ្គលេខាធិការរូបនេះ បានបន្ថែមទៀតថា ជាគោលដៅបន្ទាប់ គឺសហព័ន្ធកំពុងតែគិតគូ និងធ្វើយ៉ាងណា រៀបចំ ការប្រកួតឲ្យច្រើន ក្នុង១ឆ្នាំៗ ដើម្បីអភិវឌ្ឍវិស័យកីឡា ជំនាញមួយនេះឲ្យកាន់តែល្អប្រសើរ តាមគន្លង សមាគមកីឡាហាប់គីដូ ពិភពលោក។ ជាមួយគ្នានោះលោក បានសម្តែង នូវក្តីកង្វល់ដែរថា ប្រសិនបើសហព័ន្ធ បានពង្រីក ការផ្សព្វផ្សាយ និងបង្កើតក្លឹបនៅតាមបណ្តាខេត្ត នានានោះ គឺយើងមិនទាន់មានលទ្ធភាព គ្រប់គ្រាន់ នៅឡើយទេ ដោយសារយើង នៅខ្វះខាតធនធាន គ្រូបង្វឹក និងធនធានថិវកាជាដើម ពីព្រោះថា អ្នកជំនាញក្បាច់ គុណមួយនេះ គឺជារស់នៅរាជធានីភ្នំពេញ ប៉ុណ្ណោះ។

សូមបញ្ជាក់ថា តាមគោលការណ៍ អ្នកដែលហាត់ ចាប់ពី៧ខែឡើទៅទើបត្រូវបានចេញលិខិតបញ្ជាក់ខ្សែ ក្រវាត់ ប៉ុន្តែបើក្មេងៗនោះអាច មានរយៈពេល ពី៨ទៅ ៩ខែ តាមការសង្កេតជាក់ស្តែង របស់គ្រូ និងសហព័ន្ធជាដើម៕