ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យយុវជនដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម

18​ 07 2018

ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាត ឲ្យយុវជន ដែលជាអតីតនិស្សិត សកលវិទ្យាល័យភូមិន្ទ កសិកម្ម ចូលជួបសម្តែងការគួរសម ដឹកនាំដោយលោក ផាន់ រតនា និងសហការី ស្ថាបនិក ផ្សារខ្មែរនៅកម្ពុជា ក្នុងគោលបំណង បង្ហាញជូនពីរបកគំហើញ និងស្នើសុំ នូវអនុសាសន៍ លើរបកគំហើញថ្មីៗ នៃ “ម៉ាស៊ីនតេស្តិ៍រកសារ ធាតុគីមី ផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើប មានសារៈប្រយោជន៍ ដល់វិស័យកសិកម្ម នៅកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើក្រៃលែង ចំពោះការខិតខំប្រឹងប្រែង របស់អតីតក្រុម និស្សិត នៃសាកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង ដែលបានសហការគ្នា សិក្សាស្រាវជ្រាវ និងរកឃើញ នៅម៉ាស៊ីន ដ៏មានសារៈ ប្រយោជន៍ ខាងលើ មានសមត្ថភាព វាស់ដឹងនូវកម្រិតជាតិពុល ថ្នាំសត្វល្អិតជាង ១,៧០០ប្រភេទ សារធាតុលោហៈធ្ងន់ ភាគច្រើនប្រើសម្រាប់ ព្យាបាលជំងឺរុក្ខជាតិ និងថ្នាំហ្វកម៉ល ជាដើម។ របកគំហើញនេះ គឺជាសមត្ថផលថ្មី ដំបូងគេបង្អស់ ដែលផ្សារខ្មែរ បានរកឃើញសម្រាប់ បម្រើជូនប្រជាជនកម្ពុជា ទទួលបាននូវផលិតផល ដែលឆ្លងកាត់ការធ្វើតេស្តិ៍័ ត្រួតពិនិត្យត្រឹមត្រូវ និងតាមរយៈការតម្លើង នៅឧបករណ៍ នៅលើទូរស័ព្ទដៃ ( Mobile App ) ភ្ជាប់ទៅ នឹងប្រព័ន្ធកុំព្យូទ័រ ។ ជាមួយគ្នានេះដែរ ឧបករណ៍ធ្វើតេស្តិ៍នេះ ក៍អាចចូលរួមចំណែក លើកស្ទួយវិស័យកសិកម្ម ឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល ដែលជួយកសិករកម្ពុជា ឲ្យមានទីផ្សារកសិផលត្រឹមត្រូវ ព្រមទាំងផ្តល់ជូន នូវការប្រឹក្សាលើបច្ចេកទេស ដាំដុះតាមបែបទំនើបកម្ម តាមរយៈផ្តល់នូវការ សិក្សាដី ការគណនាផ្ទៃដី តម្លើងប្រព័ន្ធស្រោចស្រព និងផ្តល់គ្រាប់ពូជ ជូនដល់កសិករ រួចជាស្រេច និងលើកស្ទួយកសិកម្ម ប្រទេសកម្ពុជា ឲ្យកាន់តែរីកចំរើន និងបង្កើនជីវភាព ប្រជាជន នៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក ភុន រតនា បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្តល់នូវកិច្ចសហការ និងការលើកទឹកចិត្ត លើរបកគំហើញថ្មី របស់ផ្សារខ្មែរខ្លួន ដើម្បីជាទំនុកចិត្ត ដល់ផលិតករ អាជីវករ ក៏ដូចជាការជំរុញ ផលិតផលកសិកម្ម នៅតាមទីផ្សារបន្លែ មានសុវត្ថិភាព និងធានាសុខមាលភាព ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹង សំណើរនេះ ឯកឧត្តម វេង សាខុន បានបញ្ញាក់ថា នៅគ្រប់ផ្នែកពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល ជាពិសេស អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការគ្នា ជាមួយសហគ្រិន ផ្សារខ្មែរនេះ ដើម្បីជួយលើកស្ទួយ និងកៀរគររកជំនួយ ឧបត្ថម្ភ តាមរយៈគម្រោងផ្សេងៗ តាមលទ្ធភាព ព្រមទាំងបង្កើត ឲ្យមានការចេញវិញ្ញាបនប័ត្រ (Certificate ) ទទួលស្គាល់គុណភាព ផលិតផល និងការធ្វើតេស្តិ៍ផ្សេងៗ ទៀត របស់សហគមន៍ សហគ្រាសកសិកម្ម ក្នុងគោលបំណង កសាងសេចក្តីទុកចិត្ត ដល់អតិថិជន ក្នុងការទិញមកបរិភោគ និងជួយគាំទ្រ ដល់ដំណើរការរបស់ក្រុមហ៊ុនតូចមួយនេះ ប្រកបដោយប្រសិទ្ធិភាព និងស័ក្កសិទ្ធិភាព។