សត្វក្ងោកទេព១ក្បាលត្រូវក្រុមអ្នកអភិរក្សព្រលែងចូលធម្មជាតិវិញក្រោយការព្យាបាលរយៈពេលជាង១ខែមក

01 08 2018

សត្វខ្សឹប ឬសត្វក្ងោកទេព ត្រូវគេរាយការណ៍ថា កំពុងស្ថិតនៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត ខណៈចំនួនរបស់ វានៅ លើសាកលលោក មានតិចជាង ៨០០ក្បាលតែប៉ុណ្ណោះ។ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) សហការ ជាមួយ មជ្ឈមណ្ឌល អង្គរសម្រាប់ការ អភិរក្សជីវចម្រុះ ខេត្តសៀមរាប (ACCB) និងសមាគមមគ្គុទ្ទេសក៍ សត្វស្លាប (CBGA) នៅថ្ងៃ២៤កក្កដាម្សិលមិញ បានធ្វើការព្រលែងសត្វខ្សឹប ឬក្ងោកទេព ឈ្មោល ១ក្បាលចូល ក្នុងជម្រកធម្មជាតិនៃតំបន់ ការពារទេសភាពទំនាប ខាងជើងទន្លេសាប ស្ថិតនៅក្នុង ភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីការព្យាបាល រយៈពេលប្រមាណ ១ខែកន្លងមក។ បើតាមសមាគម មគ្គុទ្ទេសក៍សត្វស្លាប (CBGA) បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ក្មេងៗក្នុងភូមិបានប្រទះ ឃើញសត្វក្ងោកទេព ក្នុងសភាពទ្រុឌទ្រោម នៅក្នុងស្រែមួយ ស្ថិតនៅក្នុងឃុំសានគ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សត្វក្ងោកទេពនោះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្ស ជីវៈចម្រុះ (ACCB) ដើម្បីយកទៅព្យាបាលវា។ កម្ពុជា ត្រូវគេចាត់ទុកថា ជាប្រទេស ដ៏សំខាន់បំផុត នៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះកុំឲ្យបាត់បង់ ខណៈចំនួន របស់សត្វខ្សឹបនៅ ក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២ មានប្រមាណ ៤៣២ក្បាល ពោល គឺជាងពាក់កណ្ដាល នៃចំនួនសត្វខ្សឹម លើសាកលលោក។ ជម្រកវាលស្មៅ នៃតំបន់ទំនាបទន្លេសាប ក្នុងខេត្តកំពង់ធំ ត្រូវគេរាយការណ៍ថា គាំទ្រដល់ការរស់នៅ របស់សត្វខ្សឹប ច្រើនជាងគេបង្អស់ នៅលើពិភពលោក និងមានសារៈសំខាន់បំផុត សម្រាប់ការរស់រានមាន ជីវិតរបស់ក្ងោកទេព។