សម្តេចតេជោ ហ៊ុន សែន អញ្ជើញ សម្ពោធចំណតនាវាដឹកអ្នកដំណើរតាមកាណូត

01 08 2018

នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១ ខែសីហា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ចំណត នាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់ពីបានសម្ពោធ ចំណតនាវាដឹក អ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រួចហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងមន្ត្រី នៃរាជរដ្ឋាភិបាលមួយចំនួន បានអញ្ជើញ ធ្វើដំណើរតាមនាវា ពីចំណតឫស្សីកែវ មកកាន់ចំណតនាវាទីក្រុងតាខ្មៅ ខេត្តកណ្តាល។ យើងបានឃើញទិដ្ឋភាព ដ៏ស្រស់បំព្រង នៅតាមដងទន្លេ ជាពិសេសបានឃើញ ពីការវិវឌ្ឍរីកចម្រើន នៃសហគមរស់នៅ តាមទីក្រុងភ្នំពេញផងដែរ។

គួររំលឹកផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ បណ្តោះអាសន្ន នូវការធ្វើប្រតិបត្តិការ ដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ កាលពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយបានប្រើប្រាស់ នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង ( ២គ្រឿង ទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat )។ នាវានីមួយៗ មានសមត្ថភាព ផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណ តិចជាងមួយម៉ោង រវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះ តិចជាងរយៈពេលធ្វើដំណើរ តាមផ្លូវគោកប្រមាណ ២ដង។

ការធ្វើដំណើរ តាមនាវានេះ មានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្ម ជូនប្រជាពលរដ្ឋ ចាប់ពីម៉ោង ៥:៣០ព្រឹក រហូតដល់ម៉ោង ៦:៣០ល្ងាច ហើយគិតចាប់ពីថ្ងៃ ដាក់ដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យម មានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។ សម្រាប់ចំណត នាវាឫស្សីកែវ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ នៅព្រឹកនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែត មានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំា មានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ ថវិកាជាតិទាំងស្រុង ប្រមាណជិត ៥៩ម៉ឺនដុល្លារអាមេរិក។

ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូន តាមផ្លូវទឹកនេះឲ្យកាន់តែ ងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសាងសង់ ចំណតនាវាចំនួន ៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណត នាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍ រថយន្តក្រុងដែលបង្កលក្ខណៈ ងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នា នូវការដឹកជញ្ជូន តាមផ្លូវទឹក និងផ្លូវគោក។

នៅពេលនេះ បងប្អូនអាចជ្រើសរើស ការធ្វើដំណើរតាមកាណូត និងដឹកជញ្ជូនទំនិញផ្សេងៗ តាមផ្លូវទឹក បានកាន់តែងាយស្រួល ដែលជួយសម្រួល ដល់ការធ្វើដំណើរ តាមផ្លូវទឹក និងដើម្បីជំរុញ ជីវភាពរស់នៅ របស់ប្រជាជនអោយ កាន់តែប្រសើរឡើង។ ម៉្យាងវិញទៀត គឺនឹងជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍ បានមួយកម្រិតធំទៀតផង៕