ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាជាមួយលោក យ៉ាង គ័រពីង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Global Ecological Co., Ltd. របស់ខេត្តហ៊ូណាន

02 08 2018

រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រតិភូធុរជន ខេត្តហ៊ូណាន នៃសាធារណរដ្ឋ ប្រជាមានិតចិន ពិចារណាវិនិយោគ​ លើការកែច្នៃផលិតផល កសិកម្ម នៅក្នុងខេត្តបាត់ដំបង ដែលសម្បូរ ទៅដោយភោគផល ដំណាំដែល មានសក្តានុពល សម្រាប់បម្រើទីផ្សារ ក្នុងប្រទេស និងនាំចេញ ទៅកាន់ប្រទេសចិន។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សា ជាមួយលោក យ៉ាង គ័រពីង (Yang Guoping) ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Global Ecological Co., Ltd. របស់ខេត្តហ៊ូណាន ដែលបានដឹកនាំ សហការី មកសិក្សាអំពីលទ្ធភាព ពង្រីករោងចក្រ ម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តបាត់ដំបង និងស្វែងយល់ អំពីសក្តានុពលវិនិយោគ នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូន លោក យ៉ាង គ័រពីង អំពីកត្តាប្រឈម នៃវិស័យស្រូវអង្ករ និងដំណាំ សក្តានុពលផ្សេងៗ ដូចជា ស្វាយ មៀន ពោត និងដំឡូងមី ព្រមទាំងអត្ថប្រយោជន៍ នៃការសាងសង់ ឡសម្ងួតបន្ថែម ដើម្បីរក្សាទុកកសិផល នៅក្នុងរយៈពេលយូរ សំដៅបម្រើការអភិវឌ្ឍ ខ្សែសង្វាក់តម្លៃ និងការផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងក្រៅប្រទេស ដូចជាខេត្តសៀមរាប និងខេត្តហ៊ូណាន ប្រទេសចិនជាដើម។

លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើង អំពីសក្តានុពល ខេត្តព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ច ដ៏សំខាន់របស់កម្ពុជា និងជាខេត្ត ដែលមានកំពង់ផែទឹកជ្រៅ និងកំពង់ផែពហុបំណង ព្រមទាំងតំបន់ សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំទៅ ដោយរោង ចក្រ តូចធំជាង ១០០ក្រុមហ៊ុន សម្រាប់បម្រើ វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។ បន្ថែមលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូន លោក យ៉ាង គ័រពីង និងសហការី អំពីវឌ្ឍនភាពថ្មីៗនៃវិស័យគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ជាការឆ្លើយតប លោក យ៉ាង គ័រពីង បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែក នូវព័ត៌មាន​ និងទស្សន:ល្អៗ ទាក់ទិនវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសកត្តាប្រឈម និងកាលានុវត្តភាពវិនិយោគ លើដំណាំសក្តានុពល ផ្សេងៗ របស់កម្ពុជា។

លោក យ៉ាង គ័រពីង ក៏បានសន្យា នឹងនាំយកព័ត៌មាន ទាំងអស់នេះ ទៅជម្រាបជូន ឯកឧត្តមអភិបាល ខេត្តហ៊ូណាន ដែលនឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅក្នុងខែវិច្ឆិកាខាងមុខ ព្រមទាំងផ្សព្វផ្សាយ បន្តជូនសមាគមធុរជន និងវិនិយោគិន នៅក្នុងខេត្តហ៊ូណាន ដើម្បីចូលមកបណ្តាក់ ទុនកាន់តែច្រើន នៅកម្ពុជា សំដៅបង្កើត ឱកាសការងារ ជូនប្រជាជន និងចូលរួមជំរុញកំណើន សេដ្ឋកិច្ចរបស់កម្ពុជា៕