សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះជួបកូនក្មួយ កម្មករជាង ១ម៉ឺននាក់ នៅរោងចក្រតំបន់លូ៥

03 08 2018

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេច អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី មកពីតាមរោងចក្រ សហគ្រាសនានា នៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្មករ កម្មការនី ដែលបានជួបសំណេះសំណាល ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានចំនួន ១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ដែលក្នុងនោះមកពីក្រុមហ៊ុន ប្រទេស ចិន ចំនួន១៩, កូរ៉េចំនួន២, សិង្ហបុរីចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះរោងចក្រកាត់ដេរ សម្លៀកបំពាក់ ចំនួន២១, ផលិតស្បែកជើង ចំនួន២ និងបោកគក់ចំនួន១។ ផលិតផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទៅ លើទីផ្សាក្នុងប្រទេស។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ បន្តទៀតនៅតំបន់រោង ចក្រលូ៥ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះកូនក្មួយទាំងអស់ ដែលបានគោរពស្រលាញ់ សម្តេចតេជោ រហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណ ម្ចាស់រោងចក្រ ទាំងអស់ដែលបាន អនុញ្ញាតឲ្យកូនក្មួយកម្មករ បានឈប់សំរាក នៅល្ងាចថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញ ដែលនេះគឺបានបង្ហាញ ពីក្តីស្រឡាញ់និងយកចិត្ត ទុកដាក់ព្រមទាំង សាមគ្គីភាពគ្នា រវាងកម្មករ និងម្ចាស់រោងចក្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថានេះ គឺជាការជួបជុំ សំណេះសំណាល ដែលចាត់ទុក ជាជុំទី២ ក្រោយការបោះឆ្នោត ហើយនេះ ជាការអនុវត្ត តាមការ សន្យារបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានសន្យា ជាមួយបងប្អូន កូនក្មួយ កម្មករកម្មការិនី ថានៅពេលដែល គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត គឺ សម្តេចតេជោ នឹងបន្តជួប ជាមួយកូន ក្មួយជា បន្តបន្ទាប់ទៀត។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាព ចំពោះប្រជាពលរដ្ឋ ទូទាំងប្រទេស ប្រមាណ ៨២% ដែលបានទៅ បោះឆ្នោត ចូលរួមដំណើការ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានទៅបោះ ឲ្យគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ ការបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា គឺដើម្បី រក្សាសន្តិភាព និងការអភិវឌ្ឍព្រោះសន្តិភាពសម្រាប់ យើងទាំងអស់គ្នា ហើយទាំងអស់គ្នា សម្រាប់សន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការបោះឆ្នោតថា៖
១) ប្រជាពលរដ្ឋបាន ទៅបោះឆ្នោត គឺបានបង្ហាញ ពីការចូលរួម ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ពិតនៅកម្ពុជា។
២) បងប្អូនប្រជាពលរដ្ឋ បានចូលរួមទៅបោះឆ្នោត អោយគណបក្ស ប្រជាជនកម្ពុជា មានតំលៃស្មើនឹងការចូលរួម ថែរក្សាសន្តិភាព និងការអភវិឌ្ឍ។

នៅក្នុងឱកាសនេះ ផងដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធនានា ដែលបានចូលរួម រក្សាសុខសុវត្ថិភាព និងជួយសំរួល ដល់គណបក្សនានា ក្នុងកំឡុងពេល បោះឆ្នោត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានអរគុណដល់អាជ្ញាធ តាមខេត្តមួយចំនួន ដែលបាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលជួបគ្រោះ ធម្មជាតិទឹកជំនន់ កន្លងទៅថ្មីៗនេះ។

ដើម្បីជំរុញការ អនុវត្តការងារ អោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញនូវ អនុសាសន៍ សំខាន់ៗ១០ ចំណុចដូចខាងក្រោមៈ
១) ត្រូវអនុវត្តប្រាក់ខែ អប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ បើក្រុមហ៊ុនបើកជូន កម្មករលើសនេះ គឺរិតតែល្អប្រសើរ។

២) ត្រូវអនុវត្តការចុះពិនិត្យ នៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងក្រសួងការងារ ត្រូវធ្វើអោយ បានម៉ត់ចត់។

៣) ត្រូវអនុវត្ត ចំពោះស្រ្តីមានផ្ទៃពោះ សំរាលកូន គឺនឹងទទួលបានពេលវេលា ឈប់សម្រាក ពីការងាររយៈពេល ៣ខែ ហើយទទួល បានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធ ត្រូវតាមដានការងារ ឲ្យបានដិតដល់ ចំពោះការអនុវត្ត សកម្មភាពនេះ។

៤) ត្រូវអនុវត្ត ចំពោះកម្មការិនី សម្រាលបានកូន (១) គឺទទួលថវិកា ៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះ ដោយឥតគិតថ្លៃ។ បើសម្រាល បានកូនភ្លោះ (២) គឺទទួលបានថវិកា ៨០ម៉ឺនរៀល។ បើសម្រាលបាន កូន (៣) គឺទទួលបានថវិកា ១លាន ២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភ ចំនួន ៥លានរៀល ទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជម្រាប ផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនី ក្រីក្របំផុតនោះ គឺនឹងទទួលបាន នូវប្រាក់ឧបត្ថម្ភ ប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥) ត្រូវអនុវត្ត ចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុន ជាអ្នកបង់ជំនួស ១០០%។

៦) អនុវត្តតាមដាន មើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើង ដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ ទៅដល់ឲ្យបាន គ្រប់គ្រាន់ និងតំលៃផ្ទះជួល ដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃ ក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើង មានកំណត់ រួចរាល់ហើយ។

៧) អនុវត្តប្រាក់សោធន និវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះក្នុង រយៈពេល ១ឆ្នាំ(២០១៨) ត្រូវត្រៀមរៀបចំ អោយហើយដើម្បី ឲ្យដំណើរការបានល្អ នៅក្នុងឆ្នាំ២០១៩ នូវរបប សោធននិវត្តន៍នេះ។

៨) អនុវត្តចូលរួមបន្ត យកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលបងប្អូនពលករ ទៅក្រៅប្រទេស ជួយសម្រួល នូវបែបបទលិខិតបទដ្ឋាន ផ្លូច្បាប់នានា និងដើម្បីទទួលបាន នូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។

៩) ក្រសួងការងារ ត្រូវចុះអនុវត្ត តាមដានភ្លាមៗ ឲ្យបានដិតដល់ និងចូលរួមដោះស្រាយ បញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់ រោងចក្ររត់ចោល។ ក្នុងនោះ គឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករ ដែលបានធ្វើការ ក្នុងពេល ដែលថៅកែរោងចក្រ បានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានា ជាមួយម្ចាស់រោងចក្រ ដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារ ធ្វើដល់ក ម្មករ កម្មការិនីអោយ បានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាព កម្មករ ក្នុងពេលធ្វើដំណើរ​ តាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានា ដល់សុវត្ថិភាព កម្មកររួមដំណើរ ក្នុងពេលបើកបរ។

១០) ត្រូវបន្តដោះស្រាយ ជួយពលករ ដែលកំពុងធ្វើការ នៅក្រៅប្រទេស ធ្វើយ៉ាងណាអោយកម្មករ ធ្វើការបានស្របច្បាប់។ សូមបងប្អូន កុំយល់ច្រឡំ ឬគិតថាខុស ក្នុងពេលដែលបងប្អូន កូនក្មួយ ទៅធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃ ក៏គេបញ្ជូន កម្មករទៅធធ្វើការ នៅបរទេសដូចជា នៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីន ក៏បានបញ្ជូន ពលរដ្ឋអោយទៅធ្វើការ នៅបរទេសដូចជា នៅកម្ពុជា និងនៅសហរដ្ឋអាមេរិក ជាដើម។ ពលរដ្ឋគេបាននាំមកវិញ នូវប្រាក់ចំណូល ជាច្រើនសម្រាប់ ប្រទេសគេ គឺមិនមែនជាការ ខ្មាសអៀន ឬអាក្រក់អ្វីទេ។

បច្ចុប្បនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបានខិតខំស្វែក រកទីផ្សាការងារក្រៅប្រទេសផ ងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេស អារ៉ាប់ជាដើម ដើម្បីផ្តល់ការងារ ដល់បងប្អូនខ្មែរឥស្លាម បានទៅធ្វើការនៅទីនោះ។ កន្លងរាជរដ្ឋាភិបាល ក៏បានជួយដោះស្រាយ នឹងនាំយកកាន់ប្រទេសវិញ ចំពោះបងប្អូនកម្មករ មួយចំនួន ដែលចាញ់បោក មេខ្យល់បោក យកទៅធ្វើការងារ ដោយខុសច្បាប់។

សូមបងប្អូន កូនក្មួយ មានជំនឿទុកចិត្ត លើការដោះស្រាយ និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបងប្អូន កូនក្មួយ មានការងារធ្វើ និងទទួលបាន នូវផលប្រយោជន៍ កាន់តែច្រើនថែមទៀត នៅក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។