ឯកឧត្តម វេង សាខុន អញ្ចើញចូលរួមក្នុងពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័របន្ទះ ជូនភ្នាក់ងារផ្សព្វផ្សាយកសិកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

06 08 2018

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ចើញ ចូលរួមក្នុងពិធីចែក ទោចក្រយានយន្ត និងកុំព្យូទ័របន្ទះ ជូនភ្នាក់ងារផ្សព្វផ្សាយ កសិកម្ម នៃកម្មវិធី ផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់ទៅ នឹងការប្រែប្រួល អាកាសធាតុ (ASPIRE) នៅទីស្តីការក្រសួង សាលប្រជុំសែនពិដោរ។

តាមការរាយការណ៍ របស់លោកបណ្ឌិត មាស ពិសិដ្ឋ នាយកប្រតិបត្តិនៃកម្មវិធី ASPIRE បានឲ្យដឹងថា គោលបំណង នៃកម្មវិធីនេះ គឺលើកកម្ពស់ និងធ្វើឲ្យកាន់តែ ប្រសើរឡើង នូវការផ្តល់សេវាកម្ម កសិកម្ម ដែលឆ្លើយតប នឹងតម្រូវការ កសិករខ្នាតតូច ដែលមានទំហំ ផលិតកម្មតូចចំនួន ១២០ ពាន់គ្រួសារ ក៏ដូចជាជួយកសិករ ដែលមានទំហំ ផលិតកម្មតូច ក្រីក្រ និងងាយរងគ្រោះ ដែលអាចធ្វើធុរកិច្ចកសិកម្ម និងទទួលបានប្រាក់ចូលខ្ពស់ ហើយមានភាពធន់ នឹងអាកាសធាតុ ក្នុងគោលដៅ កាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ របស់កសិករ។ សូមបញ្ជាក់ថា កម្មវិធីនេះជាកម្មវិធី របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាជាតិ រួមជាមួយ និងអង្គការមូលនិធិអន្តរជាតិ លើកដំបូង សម្រាប់អភិវឌ្ឍកសិកម្ម IFAD សរុប ៥២.៤ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តនៅខេត្តគោលដៅ ចំនួន ១១ខេត្ត គឺខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងរយៈពេល ៧ឆ្នាំពីថ្ងៃ៥ មីនា ឆ្នាំ២០១៥ ដល់ថ្ងៃ៣១ មីនា ឆ្នាំ២០២២។

អ្វីដែលជាទីមោទនៈនោះ គឺ ដោយរាជរដ្ឋាភិបាល និងអង្គការ IFAD បានសង្គេតឃើញថា កម្មវិធីនេះបាន និងកំពុងដំណើរការល្អ និងកំពុងទទួលបាន លទ្ធផលជាផ្លែផ្កា រាជរដ្ឋាភិបាល បានសម្រេចពង្រឹង និងពង្រីកកម្មវិធីនេះ ឲ្យគ្របដណ្តប់ទូទាំងប្រទេស តាមរយៈបង្កើន ថវិកាជាង ១៥ លានដុល្លារ សហរដ្ឋអាមេរិក បន្ថែមទៀត ដោយគ្រោងអនុវត្តនា ឆ្នាំ២០១៩ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័របន្ទះនាថ្ងៃនេះ គឺជាថវិកាជំនួយរបស់រាជរដ្ឋាភិបាលសុទ្ធសាធ ដែលចែកជូនទៅខេត្តគោលដៅទាំង ១១ ដោយមានទោចក្រយានយន្តសរុបចំនួន ១៧៨គ្រឿង និងកុំព្យូទ័របន្ទះ ៥៦០គ្រឿង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីជំនាញរបស់ក្រសួងដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តកម្មវិធីនេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ ពង្រីកចំណះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងភាពទទួលខុសត្រូវខ្ពស់សម្រាប់បន្តដើរតួនាទីជាគ្រូ និងដៃគូយ៉ាងមានសមត្ថភាពនិងប្រសិទ្ធភាពដល់ប្រជាកសិករ ធ្វើយ៉ាងណាឲ្យប្រជាកសិករមានភាពរឹងពឹង និងភាពម្ចាស់ការដើម្បីបន្តអនុវត្តកម្មវិធីនេះនាពេលដែលកម្មវិធីនេះត្រូវបានបញ្ចប់ "ទូកទៅ កំពង់នៅ" ។ ត្រូវចូលរួមជាមួយប្រជាកសិករក្នុងការសិក្សាស្វែងយល់ឲ្យបានលំអិតអំពីតម្រូវការនៃទីផ្សារ ដូចជាប្រភេទនៃដំណាំ ផលិតភាព គុណភាព និងការវេចខ្ចប់។ គួរមានភាពទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ និងថែរក្សាការពារសម្បត្តិរដ្ឋ ដូចជាទោចក្រយានយន្ត និងកុំព្យូទ័របន្ទះដែលប្រគល់ជូននាថ្ងៃនេះ។ ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម សាលាជាតិកសិកម្ម និងសាលាកសិកម្មដទៃទៀតដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្រាវជ្រាវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើបសម្រាប់ប្រជាកសិករដើម្បីកាត់បន្ថយកំលាំងពលកម្ម បង្កើនផលិតភាព គុណភាព និងប្រាក់ចំណូល ធ្វើយ៉ាងណាដើរទាន់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។