សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់ ទៅប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី

06 08 2018

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វឹករួមទាំងប្រតិភូកីឡា ជាង៧០នាក់ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

មានប្រភេទកីឡាចំនួន ១៣ប្រភេទដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានសម្រិត សម្រាំងត្រៀម បញ្ជូនទៅប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញាខាងមុខ។ ប្រភេទកីឡាដែល កម្ពុជាចូលរួមប្រកួត មានដូចជាកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនី គ្រប់ប្រភេទកីឡា ដែលនេះជាកាយវិការមួយដ៏ប្រពៃសម្រាប់ អត្តពលិកជម្រើសជាតិ មុនចេញ ទៅប្រកួតកីឡា នៅក្រៅប្រទេស។

ថ្ងែនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញ ជួបកីឡាករកីឡាការិនីទាំងអស់ ហើយសម្តេចតេជោ មានមោទនភាព ចំពោះការរីកចម្រើន នៃវិស័យកីឡា របស់ប្រទេសកម្ពុជា ដែលកំពុងមានការរីកលូតលាស់ យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្តេចតេជោ ក៏ បានមានប្រសាសន៍ផងដែរថា ប្រទេសដែលមាន ប្រជាជនច្រើន ក៏មិនបា្រកដថា ខ្លាំងខាងវិស័យកីឡា ហើយប្រទេស ដែលមាន ប្រជាជនតិច ក៏មិនប្រាកដថា ប្រទេសនោះខ្សោយ ខាងកីឡាដែរ។

ចំពោះស្ថានការនយោបាយវិញ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា បើគ្មាន អ្វីកែប្រែនោះទេកម្ពុជា ក្នុងនីតិកាលទី៦ នឹងរៀបចំប្រជុំសភា លើកដំបូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ២០១៨ ហើយបេក្ខភាព តំណាងរាស្ត្រទាំងអស់ នឹងស្បថចូលកាន់តំណែង សភានៅល្ងាចទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ គឺនឹងបង្កើតរាជរដ្ឋាភិបាលថ្មី។ នៅពេលល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មី ស្បថចូល កាន់តំណែងជាផ្លូវការ។ បន្ទាប់មកថ្ងៃព្រឹកថ្ងៃទី ២១ ប្រជុំគណៈរដ្ឋមន្ត្រីថ្មី។ ប្រសិនបើរាជរដ្ឋាភិបាលថ្មី បានបង្កើត នៅក្នុងខែសីហា ២០១៨ នេះ គឺ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញ ទៅថ្លែងសុន្ទរកថា ជាផ្លូវការនៅអង្គការ សហប្រជាជាតិ (UN) ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដល់កីឡករ-កីឡាការិនីទាំងអស់ ចំពោះការបញ្ចុះទំងន់ ក្នុងការប្រកួត ពីព្រោះការ បញ្ចុះទំងន់ខ្លាំងពេក ក៏អាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពផងដែរ។ សម្តេច តេជោ នាយករដ្ឋមន្ត្រីសូម ឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវគិតថា ការប្រកួតចាញ់-ឈ្នះ គឺជារឿង ធម្មតា របស់កីឡា ប៉ុន្តែសំខាន់បំផុតនោះ គឺត្រូវគោរព តាមច្បាប់ នៃការប្រកួត របស់គណៈកម្មការកីឡា ពិសេសគឺត្រូវតែជៀសវាង ការប្រើប្រាស់ សារធាតុលើកកម្លាំង ឬសារធាតុញៀនជាដើម ដែលធ្វើឲ្យ ប៉ះ ពាល់ដល់សុខភាព និងប៉ពាល់ដល់កិត្តិយសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះគ្រូបង្វឹក នៅតាមបណ្តាប្រទេសផ្សេងៗ ដែលបានជួយ បណ្តុះបណ្តាល បង្វឹកដល់ កីឡាករ-កីឡាការិនីយើង និងបានអរគុណ ដល់ហព័ន្ធកីឡា គណៈកម្មការ កីឡាជាតិ អូឡាំងពិកកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការជំរុញវិស័យកីឡានេះ ឲ្យមានការីកចម្រើន។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ថវិកាលើកទឹកចិត្ត ដល់កីលាករ កីឡាការិនី ក្នុងម្នាក់បានចំនួន ៥០០ដុល្លារ មុនចេញដំណើរ ទៅប្រកួត Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី៕