ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អនុញ្ញាតឲ្យលោក Lin Hongliang អគ្គលេខាធិការ APPU ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

07 08 2018

ព្រឹកថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារ ជាមួយលោក Lin Hongliang អគ្គលេខាធិការ សហភាព ប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិក (APPU) ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់លោក រយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មានគោលបំណង ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ វិស័យប្រៃសណីយ៍ រវាងសហភាព ប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) និងព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សា ការងារ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាប ជូនលោកអគ្គលេខាធិការ សហភាព ប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិក អំពីការអភិវឌ្ឍ នៃវិស័យប្រៃសណីយ៍ និងការរៀបចំបទដ្ឋាន គតិយុត្ត ក៏ដូចជាគោលនយោបាយ សម្រាប់អភិវឌ្ឍវិស័យនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំការ បន្តពង្រឹងកិច្ចសហការគ្នា លើវិស័យប្រៃសណីយ៍ បន្ថែមទៀត រួមទាំងការបណ្តុះបណ្តាល ធនធានមនុស្ស និងការផ្តល់ នូវអ្នកជំនាញ ផ្នែកប្រៃសណីយ៍ ក្នុងការចូលរួមផ្តល់ធាតុ ចូលដល់ការពង្រាង គោលនយោបាយ ប្រៃសណីយ៍ ដើម្បីធានា នូវអនុលោមភាព តាមស្តង់ដាអន្តរជាតិ។

លោកអគ្គលេខាធិការ APPU បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង គ្រប់បែបយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍខ្លួន និងចូលរួមយ៉ាងសកម្ម ជាមួយសហភាពប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិក។ លោកក៏បាន ទទួលយកសំណើ របស់ភាគីកម្ពុជា និងខិតខំប្រឹងប្រែង ជាមួយអ្នកឯកទេស ដើម្បីចូលរួមជួយជ្រោមជ្រែង វិស័យប្រៃសណីយ៍ នៅកម្ពុជាឲ្យវិវឌ្ឍន៍ ឈានឡើងមួយកម្រិតទៀត។

នៅថ្ងៃដដែលនេះ លោកអគ្គលេខាធិការ APPU ក៏គ្រោង នឹងជួបពិភាក្សាការងារ ជាមួយប្រៃសណីយ៍កម្ពុជា និងធ្វើទស្សនកិច្ចដំណើរ ការផ្គត់ផ្គង់សេវា ប្រៃសណីយ៍ជាក់ស្តែង នៅប្រៃសណីយ៍កម្ពុជាផងដែរ៕