ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយប្រតិភូនិស្សិតអាហារូបករណ៍ជប៉ុន (JDS) ចំនួន ២៤រូប ដែលសុទ្ធសឹងតែជាមន្ត្រីរាជការ មកពីស្ថាប័នជាតិនានាទូទាំងប្រទេសកម្ពុជា

07 08 2018

រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រតិភូ និស្សិតកម្មវិធីអាហារូបករណ៍ អភិវឌ្ឍន៍ជប៉ុន (JDS) ឆ្នាំសិក្សា ២០១៨-២០២០ ជួយផ្សព្វផ្សាយ អំពីសក្តានុពលនៃវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ របស់កម្ពុជា ទៅដល់និស្សិត បរទេស និងប្រជាជនជប៉ុន ដើម្បីលើកស្ទួយកិត្តិនាម របស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយ អំពីសមិទ្ធផល និងភាពរីកចម្រើន របស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋាន ខាងក្រៅ ហើយត្រូវចេះបំផុស ឱ្យប្រជាជន និងវិនិយោគិនជប៉ុន ចូលមកទស្សនា និងបណ្តាក់ទុន កាន់តែច្រើន នៅក្នុងប្រទេសយើង។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់ នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាង ឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតជប៉ុន និងនិស្សិត មកពីប្រទេសផ្សេងៗ»។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកសំណើនេះឡើង នាឱកាសជួបសំណេះសំណាល ជាមួយប្រតិភូនិស្សិត អាហារូបករណ៍ ជប៉ុន (JDS)​ ចំនួន ២៤រូប ដែលសុទ្ធសឹងតែជាមន្ត្រីរាជការ មកពីស្ថាប័នជាតិនានា ទូទាំងប្រទេសកម្ពុជា នៅទីស្តីការក្រសួង ពាណិជ្ជកម្ម កាលពីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរ ចំពោះនិស្សិតទាំងអស់ ដែលទទួលបាន អាហារូបករណ៍ ពីរាជរដ្ឋាភិបាល ជប៉ុន និងបានជម្រាប ជូនអំពីសាវតា នៃការធ្វើសមាហរណកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកសមិទ្ធផល ការងារសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម ដែលបាន មកពីការអនុវត្តកម្មវិធី កំណែទម្រង់ និងគោលនយោបាយ ដ៏មានប្រសិទ្ធភាពជាច្រើន សំដៅលើកកម្ពស់ បរិយាកាសធុរកិច្ច និងកិច្ចសម្រួល ពាណិជ្ជកម្ម នៅកម្ពុជា ជាពិសេសធានា ដល់ការលូតលាស់ នៃវិស័យឯកជន ដែលក្បាលម៉ាស៊ីន ដ៏សំខាន់ នៃកំណើន សេដ្ឋកិច្ចជាតិ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរ ដល់ប្រតិភូនិស្សិត អាហារូបករណ៍ទាំងអស់ ទទួលបានជោគជ័យ ក្នុងការសិក្សា និងបានផ្តាំផ្ញើ ឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីក្រេបជញ្ជក់ យកចំណេះវិជ្ជាថ្មីៗ និងបទពិសោធន៍ល្អៗ ពីការសិក្សា នៅក្នុងប្រទេសជប៉ុន ដើម្បីវិលត្រឡប់មក ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល នាពេលអនាគត។

សូមជម្រាបថា កម្មវិធីអាហារូបករណ៍ អភិវឌ្ឍន៍ជប៉ុន (JDS) គឺជាគម្រោង ជំនួយឥតសំណង សម្រាប់ជួយពង្រឹងការ អភិវឌ្ឍធនធាន មនុស្ស ផ្តួចផ្តើមឡើងដោយ រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន នៅក្នុងឆ្នាំ២០០០ ដើម្បីផ្តល់ឱកាស ជូនមន្ត្រីរាជការវ័យក្មេង របស់កម្ពុជា ទៅបន្តការសិក្សា ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅតាមសាកលវិទ្យាល័យ ល្បីៗ ក្នុងប្រទេសជប៉ុន។ គិតមក ដល់ឆ្នាំ ២០១៨នេះ មាននិស្សិតកម្ពុជា ចំនួន ៤១៦នាក់ហើយ ដែលបានទទួលអាហារូបករណ៍នេះ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ http://jds-scholarship.org/country/cambodia/index.html