កម្មវិធីអប់រំបេតិកភណ្ឌ ក្នុងតំបន់អង្គរបង្កើនការយល់ដឹង និងក្តីស្រឡាញ់របស់យុវជន ចំពោះមរតកវប្បធម៌ជាតិកាន់តែខ្លាំង!

08 08 2018

ក្នុងដំណើរការ អស់រយៈពេល ៣ខែកន្លងមកនេះ កម្មវិធីអប់រំយុវជន បេតិកភណ្ឌអង្គរ ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងអង្គការ គាំពារកេរ្តិ៍មរតក មជ្ឈមណ្ឌលយុវជនជាតិកម្ពុជា និងវិស័យឯកជន បានផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត ក្តីស្រឡាញ់ ដល់យុវជនស្ម័គ្រចិត្ត ក្នុងវិស័យនេះគួរឱ្យកត់សម្គាល់។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទបាតជុំ នាថ្ងៃទី០៦ សីហា ២០១៨ ដើម្បីរៀនអំពីការ ចុះបញ្ជីសារពើភណ្ឌ វត្ថុបុរាណ និងរបៀប នៃការគូសប្លង់បាត ប្រាសាទ លោក អ៊ុក សុធា នាយកមជ្ឈមណ្ឌល យុវជនជាតិកម្ពុជា របស់ក្រសួងអប់រំ យុជន និងកីឡា បានលើកឡើងថា ការងារអប់រំបេតិកភណ្ឌជាផ្នែកមួយ ដែលក្រសួងបាន យកចិត្តទុកដាក់ដល់ក្មេងៗ ពិសេសនៅ ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ សម្បូរប្រាង្គប្រាសាទ។ គោលដៅ គឺដើម្បីតម្រង់ទិសសិក្សា និងផ្តល់ ចំណេះដឹង បេតិកភណ្ឌ វប្បធម៌ ដល់ពួកគេ ឱ្យយល់ដឹងពីសម្បត្តិ បេតិកភណ្ឌជាតិ ឱ្យចូលរួម និងយកចំណេះដឹង ទៅបម្រើសេដ្ឋកិច្ចគ្រួសារ របស់ពួកគេ នាអនាគត។ តាមការសង្កេត របស់លោកកន្លងមក ការអប់រំនេះ បានផ្លាស់ប្តូរ ឥរិយាបទរបស់ក្មេងៗ ពីការមិនដឹង អ្វីទាំងអស់ មកជាដឹង ហើយស្រឡាញ់ ចូលចិត្ត និងលះបង់ពេលវេលា ដើម្បីចូលរួម ទោះបីជិតឆ្ងាយ និងមានការជំរុញ ពីមាតាបិតា ពួកគេ ជាខ្លាំងផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងអប់រំ បេតិកភណ្ឌ របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅក្នុងខែទី៣នេះ យើងបាន បង្រៀន យុវសិស្សស្ម័គ្រចិត្ត អំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែង លើការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ និងរបៀប នៃការគូសប្លង់ បាតប្រាសាទ។ កិច្ចការនេះ ធ្វើឡើងដើម្បីបង្កើន ចំណេះដឹង ក្នុងការសង្កេត ការគូសប្លង់ កត់ត្រារបាយការណ៍ យ៉ាងលម្អិតទៅលើអ្វី ដែលពួកគេបានឃើញ និងចេះពីរបៀបវាស់វែង ប្រាសាទឱ្យបានច្បាស់លាស់ ជាជំនួយក្នុងការ សិក្សាស្រាវជ្រាវ បានល្អប្រសើរ។

យុវជន ម៉ម ម៉ាច ជាសិស្សថ្នាក់ទី១១A នៃវិទ្យាល័យនគរធំ បានចាប់អារម្មណ៍ថា ក្រោយចូលជាយុវជនបេតិកភណ្ឌ គឺខ្លួនបាន យល់ដឹង ច្រើនមរតកវប្បធម៌ជាតិ ពិសេសការស្រាវជ្រាវ ដោយផ្ទាល់នៅតាមភូមិសាស្ត្រ មានប្រាសាទបន្ទាយក្តី និងឡតានី។ ក្រៅពីនោះក៏ចេះ ពីរបៀប សាកសួរព័ត៌មាន ក្នុងពិធីបុណ្យផ្សេងៗ ការចងក្រងព័ត៌មាន និងបានយល់ដឹងច្បាស់ ពីពិធីបុណ្យ និងប្រវត្តិសាស្ត្រ នៃប្រាសាទដែលធ្លាប់ដឹង ពីមុនមិនសូវច្បាស់។

យុវតី គឹម នឹង មកពីវិទ្យាល័យនគរធំដែរនោះ បានឱ្យដឹងថា មូលហេតុដែលចូល ជាយុវជនបេតិកភណ្ឌ គឺព្រោះចង់យល់ដឹង ពីសម្បត្តិដូនតា និងពិធីផ្សេងៗដែលនៅសេសសល់ ក្នុងតំបន់អង្គរ ហើយក៏ចង់ចេះ ចង់ដឹងខ្លួនឯងផង។ ក្នុងការសិក្សានេះ គឺមានការលំបាក បន្តិចពេលរៀនទ្រឹស្តី វាស្មុគ្រស្មាញ តែពេលអនុវត្តមិនជាលំបាកទេ។ បើប្រៀបធៀបកាលពីមុន និងក្រោយពេល ចូលជាយុវជនបេតិកភណ្ឌ គឺប្លែកជាខ្លាំងសម្រាប់ប្អូន ព្រោះកាលពីមុន ពេលចូលប្រាសាទ គឺមិនដឹងមើល អ្វីឡើយ ហើយក៏មិនស្គាល់ថា វត្ថុនៅក្នុងប្រាសាទគេ ធ្វើតំណាងឱ្យអ្វី ហើយពេល ក្នុងភូមិស្រុកធ្វើពិធីបុណ្យអ្វីមួយ ក៏សូវចាប់អារម្មណ៍ដែរ តែពេលនេះទាំងពេល ចូលប្រាសាទ និងមានពិធីបុណ្យក្នុងភូមិ គឺតែងតែចាប់អារម្មណ៍ថា មានអ្វីដែលសំខាន់ គេធ្វើដើម្បីអ្វី មានតាំងពី ពេលណា វាសំខាន់បែបម៉េច ក្នុងការរស់នៅ និងមនុស្សជាតិ៕