ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យលោក ជីវ អានុសន នាយកក្រុមហ៊ុនអង្ករកសិកម្មរុងរឿងចំកាត់និងសហការរីចូលលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងវិនិយោគទុនជាមួយសហគមន៍អ៊ឺរ៉ុបលើវិស័យកសិកម្ម

09 08 2018

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក ជីវ អានុសន នាយកក្រុមហ៊ុន អង្ករកសិកម្មរុងរឿងចំកាត់ និងសហការរី ចូលលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោង វិនិយោគទុន ជាមួយសហគមន៍អ៊ឺរ៉ុប លើវិស័យកសិកម្ម ក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុនអង្ករ កសិកម្មរុងរឿងចំកាត់។

លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីថា រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគ លើដំណាំស្រូវ និងកែច្នៃអង្ក ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ស្ពី កំពត តាកែវ និងខេត្តកណ្តាល ដោយអនុវត្តផលិតកម្ម កសិកម្ម តាមកិច្ចសន្យា ជាមួយកសិករជាង ២ម៉ឺនគ្រួសារ ផលិតស្រូវចំណី និងជាង ២ពាន់គ្រួសារទៀត ជាអ្នកផលិតពូជ តាមរយៈផ្តល់ពូជ និងបច្ចេកទេស រួចប្រមូលទិញដើម្បីធ្វើការកែច្នៃ រួចនាំចេញទៅកាន់ទីផ្សារ ប្រទេសចិន និងអ៊ឺរ៉ុប។ អនាគតក្រុមហ៊ុន មានគ្រោង ពង្រីកផលិតកម្មបន្ថែម នៅតាមខេត្តទូទាំងប្រទេស ដោយខ្ចីទុនវិនិយោគ ពីសហគមន៍អ៊ឺរ៉ុប។
ទាក់ទងនឹងគម្រោង វិនិយោគខាងលើ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែង នូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ ដោយហេតុថា៖ ១-ជួយជំរុញផលិតកម្មពូជស្រូវ សុទ្ធល្អ ឆ្លើយតបតាម ទម្រូវការទីផ្សារ ២-រួមគ្នាជំរុញការធ្វើទំនើបកម្ម ផលិតកម្មដំណាំស្រូវ និងទី៣-ចូលរួមលើកស្ទួយ កម្រិតជីវភាព ប្រជាកសិករ តាមរយៈបង្កើន ប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។ ជំហានបឋម ឯកឧត្តមរដ្ឋមន្រ្តីស្នើ ឲ្យក្រុមហ៊ុនសហការ ជាមួយអគ្គនាយកដ្ឋាន កសិកម្ម នាយដ្ឋានពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តគោលដៅ ដើម្បីពិនិត្យ និងសិក្សាវាយតម្លៃ ទៅលើគោលការណ៍ច្បាប់ និងបច្ចេកទេស ឲ្យបានទូលំទូលាយ និងស៊ីជម្រៅ ជាមុនសិន។ ទោះជាយ៉ាងណា ក្រសួងនៅតែគាំទ្រចំ ពោះគម្រោង ដែលក្រុមហ៊ុន បានលើកឡើងខាងលើ និងរង់ចាំផ្តល់កិច្ច សហការ។