គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជនថៃ ស្វែងយល់ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

08​ 08 2018

នៅទីស្តីការក្រសួង ពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ និងជាតំណាង របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានទទួលជួបសម្តែង​ ការគួរសមជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជន នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោកស្រី Doungjai Chanthon ប្រធានអនុគណៈកម្មការពាណិជ្ជកម្ម តាមព្រំដែន និងឆ្លងព្រំដែន សម្រាប់ ប្រទេស កម្ពុជា និងវៀតណាម នៃសភាពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់ ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសក្នុងការចាប់ដៃគូ ធ្វើពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា សម្រាប់ទីផ្សារកម្ពុជា និងអន្តរជាតិ។ ប្រតិភូធុរកិច្ចជនថៃ មកពីក្រុមហ៊ុនចំនួន ២០ ដែលវិនិយោគ និងធ្វើពាណិជ្ជកម្មលើវិស័យ អេឡិចត្រូនិក ភេសជ្ជៈ បរិក្ខាពេទ្យ សម្ភារៈប្រើប្រាស់ ផលិតផលថែរក្សាសម្ផស្ស ចំណីអាហារ ផលិតផល កសិកម្ម គ្រឿងសំណង់ ជាដើម។ល។

នៅក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសលទ្ធផល កិច្ចប្រជុំលើកទី៣ នៃគណៈរដ្ឋមន្ត្រីចម្រុះ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងថៃ ដែលបានដាក់ចុះនូវគោលដៅ ពាណិជ្ជកម្មទ្វេភាគី ឱ្យកើនដល់ ១៥ ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២០ និងកិច្ចប្រជុំ លើកទី៦ នៃគណៈកម្មាធិការ ចម្រុះផ្នែកពាណិជ្ជកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដឹកនាំ ដោយឯកឧត្តមរដ្ឋមន្ត្រី ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលជាយន្តការទ្វេភាគី ដើម្បីតាមដាន និងអនុវត្ត នូវអនុសាសន៍ របស់ថ្នាក់ដឹកនាំ។

ទាក់ទងនឹងការវិនិយោគ ឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយបើកជំហរ ដោយគ្មានការរើសអើង ចំពោះអ្នកវិនិយោគបរទេស ហើយវិនិយោគិនបរទេស អាចកាន់កាប់ភាគហ៊ុន ១០០% គ្មានការកំណត់តម្លៃ លើទំនិញ និងសេវា និងគ្មានការតម្រូវ ក្នុងការប្តូរសាច់ប្រាក់ ឬយកប្រាក់ចេញចូល ក្រៅប្រទេសឡើយ។ គួររំលឹកផងដែរថា កម្ពុជា និងថៃបានចុះហត្ថលេខាកិច្ចព្រមព្រៀង ស្តីពីការមិនយកពន្ធត្រួតគ្នា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចការនេះ បានជួយសម្រួល ក្នុងការវិយោគ និងធ្វើពាណិជ្ជកម្ម ដោយមិនតម្រូវឱ្យបង់ពន្ធ នៅប្រទេសថៃទៀតទេ និងកសាងហេដ្ឋា រចនាសម្ព័ន្ធ តភា្ជប់តាមព្រំដែន តម្លើងថ្នាក់ព្រំដែន ដូចជាចុះហត្ថលេខាលើ MOUs ជាច្រើន ដើម្បីជួយសម្រួល ដល់ពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន។

លោកស្រី Doungjai Chanthon និងប្រតិភូធុរកិច្ចថៃ បានសម្តែងនូវក្តី សប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម អនុរដ្ឋលេខាធិការ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម ដែលតែងតែអនុញ្ញាត ឱ្យលោកស្រី ដឹកនាំគណៈប្រតិភូធុរកិច្ចជន ដើម្បីស្វែងយល់ និងជាពិសេស បានឱកាសជួប និងសាកសួរផ្ទាល់នូវចម្ងល់ និងសំនួរផ្សេងៗ​ពីឯកឧត្តម និងសហការីនាពេលនេះ។

បន្ថែមលើនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានស្នើសភាពាណិជ្ជកម្មថៃ ជួយជំរុញរាជរដ្ឋាភិបាលថៃ លើបញ្ហាមួយចំនួនដូចជា ១. ពន្លឿនការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា លើទំនិញឆ្លងកាត់ ២. អនុញ្ញាតជម្រុញ ឱ្យចុះហត្ថលេខាលើ MOU ដើម្បីឱ្យមានការ ដឹកជញ្ជូនឆ្លងកាត់ ព្រំដែនតាមគ្រប់ច្រក ( ដែលកន្លងមកទើបអនុញ្ញាតត្រឹមតែ តាមច្រកប៉ោយប៉ែត-អារញ្ញប្រាថេត តែមួយប៉ុណ្ណោះ ) និងបន្ថែមកូតា អនុញ្ញាត ឱ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០ និងទៅ៥០០ ជាដំណាក់កាល និង ៣. សម្របសម្រួលនីតិវិធី ក្នុងការនាំចូលទំនិញកសិកម្ម ពីកម្ពុជាទៅថៃ ជៀសវាងការដាក់ចេញ នូវឧបសគ្គនានា ដែលធ្វើ ឱ្យកម្ពុជា-ថៃ ពុំអាចសម្រេចគោលដៅ ពាណិជ្ជកម្ម បាន១៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២០។

ភាគីបានសន្យា ពាំនាំនូវអនុសាសន៍នេះ ជូនទៅបណ្តាក្រសួង-ស្ថាប័នធុរកិច្ច ពាក់ព័ន្ធរបស់ថៃ ដើម្បីជម្រុញការធ្វើពាណិជ្ជកម្ម ទ្វេភាគី ឱ្យឈានដល់គោលដៅកំណត់ ដោយរដ្ឋភិបាល នៃប្រទេសទាំងពីរ។