ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Laurent Triponey ភារធារីស្តីទី នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួប និងពិភ្សាការងារ

04 08 2018

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Laurent Triponey ភារធារីស្តីទី​នៃស្ថានទូតបារាំង​ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា និងសហការីចូលជួប និងពិភ្សាការងារ លើប្រធានបទចំនួនពីរ៖ ១) ពង្រឹងនិងពង្រីក ទំនាក់ទំនងសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ឲ្យកាន់តែរីកចំរើនខ្លាំងក្លា ​ថែមទៀត និង២) ការត្រៀមរៀបចំ ដំណើរទស្សនកិច្ច នៃគណៈប្រតិភូវិនិយោគ ដឹកនាំដោយទីភ្នាក់ងារ អភិវឌ្ឍទេសចរណ៍បារាំង Atout France,ប្រតិបត្តិករទេសចរណ៍ធំៗ របស់បារាំង ដូចជាក្រុមហ៊ុន Club Med, Airfrance, CroisiEurope ដែលនឹងមកកម្ពុជា អំឡុងខែតុលាឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងជំនួបពិភាក្សា ការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលបារាំង ពិសេសស្ថានទូតបារាំង ប្រចាំកម្ពុជា និងសហការី ដែលបានរួមចំណែក អភិវឌ្ឍទេស​ចរណ៍កម្ពុជា កន្លងមក និងសំដែងនូវការរីករាយ និងស្វាគមន៏ដំណើរ ទស្សនកិច្ចនៅកម្ពុជា របស់គណៈប្រតិភូ វិនិយោគ បារាំងនៅខែតុលា ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាប ជូនពីសារៈសំខាន់ នៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលទាមទារនូវការគាំទ្រ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសដៃគូរអភិវឌ្ឍ និងសហប្រតិបត្តិការនានា និងជាទិសដៅបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានលើកនូវចំណុច ជាយុទ្ធសាស្រ្តសំខាន់មួយចំនួន និងបានស្នើឲ្យភាគី បារាំងយកចិត្តទុកដាក់ លើវិស័យអាទិភាពមួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍ វិស័យទេសចរណ៍ នៅកម្ពុជា ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ ៖
ទីមួយ៖ សារៈសំខាន់ នៃជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការដាក់ចេញ នូវយុទ្ធនាការ សេវាមួយ ស្តង់ដារមួយ "One service, one standard", បុគ្គលិកម្នាក់ ជំនាញមួយ "One person, one skill" ដើម្បីរួមចំណែកពង្រឹង និងលើកកំពស់គុណភាព សេវាកម្មទេសចរណ៍។
ទីពីរ៖ ការជំរុញអភិវឌ្ឍ ផលិតផល ទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងសម្បូរណ៍បែប ពិសេសអភិវឌ្ឍកម្ពុជា ជាគោលដៅ ទេសចរណ៍ស្អាត និងបៃតង តាមរយៈការដាក់ចេញ នូវចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ​ ហើយក្នុងពេល ខាងមុខ នឹងមានរៀបចំចលនា ប្រលងប្រណាំងឆ្នេរស្អាតគំរូ នៅកម្ពុជាផងដែរ។
ទីបី៖ ការពង្រឹងការសិក្សា ទីផ្សារនិងផ្សព្វផ្សាយ ទេសចរណ៍។បច្ចុប្បន្ន ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ត្រូវបាន បង្កើតឡើង ដោយមានការចូលរួម យ៉ាងសំខាន់ ពីគ្រប់ភាគីពាក់ព័ន្ធរដ្ឋ និងឯកជន ដើម្បីជំរុញ និងទ្រទ្រង់ការផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ឲ្យកាន់តែខ្លាំងក្លា ថែមទៀត។
ទីបួន៖ ការពង្រឹងការគ្រប់គ្រង និងផ្សព្វផ្សាយទេសចរណ៍ តាមប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើង ពីសារៈសំខាន់ នៃវិស័យកីឡាទេសចរណ៍ ដែលបានដើរតួនាទី និងចូលរួមយ៉ាងសកម្ម ដែលរួមចំណែក ដល់ការបង្កើតផលិតផល ទេសចរណ៍ និងការផ្សព្វផ្សាយកម្ពុជា តាមរយៈព្រឹត្តិការណ៏ កីឡាទេសចរណ៍នានា កន្លងមក ដូចជាកីឡា Half marathon, Triathlon និងបានស្នើភាគីបារំាង ជួយជំនួយបច្ចេកទេស ដើម្បីត្រៀមលក្ខណៈ ទទួលទេសចរក្នុង ព្រឹត្តិកាណ៍កីឡា ទេសចរណ៍ធំៗ ដែលកម្ពុជាត្រៀម រៀបចំដូចជា Asian Beach Games នៅឆ្នាំ២០២២ និងកីឡា SEA Games នៅឆ្នាំ២០២៣ ផងដែរ។
ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពត្រៀមរៀបចំ សេចក្តីព្រាង អនុស្សារណយោគយល់ ស្តីពីសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋបារាំង ដើម្បីចុះហត្ថលេខា នៅពេលខាងមុខ។
បច្ចុប្បន្ន ទេសចរបារាំង ដែលមកទស្សនា កម្ពុជាក្នុងឆ្នាំ ២០១៧ មានចំនួន១៦៦៣៥៦នាក់ កើនឡើង ១០,៧% ឈលំដាប់ទី១០ ហើយក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០១៨ កម្ពុជា ទទួលទេសចរបារាំង ចំនួន៨៥ ៩០៦ នាក់ កើនឡើង ៣% ធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៧ ឈលំដាប់ទី៨។