ឯកឧត្តម ឈួន ដារ៉ា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហគមន៍ពាណិជ្ជកម្ម និងពិព័រណ៍នៃទីក្រុងម៉ាកាវ

04 08 2018

នៅទីស្តីការក្រសួង ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ និងជាតំណាង របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា ការងារ ជាមួយគណៈប្រតិភូ សហគមន៍ពាណិជ្ជកម្ម និងពិព័រណ៍ នៃទីក្រុងម៉ាកាវ (Macau Fair & Trade Association [MFAT]) ដឹកនាំដោយលោក Li Xua Hui ប្រធាននៃ MICE Alliance of Pan-Pearl Delta Cities។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងធ្វើការផ្លាស់ប្តូរ បទពិសោធន៍នៃការអភិវឌ្ឍ លើវិស័យពាណិជ្ជកម្ម និងការតាំងពិព័រណ៍ ព្រមទាំងពង្រីក ទំនាក់ទំនង និងការសហការគ្នា រវាងប្រទេសកម្ពុជា និងឧស្សាហកម្ម MICE នៃទីក្រុងម៉ាកាវផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួន ដារ៉ា បានធ្វើការបង្ហាញ អំពីសក្កានុពល និងបរិយាកាសវិនិយោគ នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាមានស្ថេរភាព នយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងរូបបីយប័ណ្ណ និងមានទីតាំងស្ថិត នៅចំកណ្តាលអាស៊ាន ហើយរាជរដ្ឋាភិបាល បានលើកទឹកចិត្ត វិស័យវិនិយោគ តាមរយៈការផ្តល់ភាព អនុគ្រោះពន្ធ ដល់អ្នកវិនិយោគិន។

ឯកឧត្តម បានបន្តទៀតថា ការវិនិយោគ ពីប្រទេសចិនឈរ នៅលំដាប់ទី១ ដែលនេះបង្ហាញ ពីការទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងកម្ពុជា និងចិន ហើយក៏ជា សញ្ញា​វិជ្ជមាន នៃការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងទីក្រុងម៉ាកាវផងដែរ។

លោក Li Xua Hui បានសម្តែងអំណរគុណ និងកោតសរសើរ យ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួង ពាណិជ្ជកម្ម ដែលបានគាំទ្រ និងតែងជួយសម្របសម្រួល វិនិយោគិនចិន។ លោកបានអញ្ជើញ មន្ត្រីកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការតាំងពិព័រណ៍ ដែលនឹងប្រព្រឹត្ត ទៅនៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមការរៀបចំ ដោយក្រុមប្រឹក្សាភិបាលចិន សម្រាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មអន្តរជាតិ (CCPIT)។

ទន្ទឹមគ្នានេះ លោក Li Xua Hui បានសម្រេចផ្តល់ នូវអាហារូបករណ៍ ៥០ភាគរយ លើការសិក្សាផ្នែករៀបចំ ពិព័រណ៍អន្តរជាតិ ជូនមន្ត្រីក្រសួង ពាណិជ្ជកម្ម ដែលវគ្គសិក្សានេះ រៀបចំដោយគណៈកម្មាធិការ ជំរុញពាណិជ្ជកម្ម ទីក្រុងម៉ាកាវ។

ឆ្លើយតប នឹងការអញ្ជើញរបស់លោក Li Xua Hui តំណាងសហគមន៍ ពាណិជ្ជកម្ម និងពិព័រណ៍ នៃទីក្រុងម៉ាកាវ ឯកឧត្តម ឈួន ដារ៉ា បានសន្យា នឹងពាំនាំដំណឹងនេះ ធ្វើការជម្រាប ជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងសម្រេច។