សកម្មភាពភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះភ្ញៀវ និងប្រគល់របស់ជូនភ្ញៀវទេសចរ

12 09 2018

ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ ក្នុងការផ្តល់នូវព័ត៌មាន អំពីសេវាកម្មទេសចរណ៍ ដល់ភ្ញៀវ មើលសកម្មភាពនានា នៅក្នុងរមណីយដ្ឋានអង្គរ និងពន្យល់ណែនាំ ឱ្យភ្ញៀវគោរព តាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ជួយស្វែងរក និងប្រគល់របស់ជូនភ្ញៀវ ជាពិសេសដោះស្រាយ នូវបញ្ហាផ្សេងៗ ដែលបានកើតឡើង ចំពោះភ្ញៀវជាយថា ហេតុក្នុងដំណើរទស្សនា តំបន់អង្គរ។

របាយការណ៍ សកម្មភាពការងារ របស់នាយកដ្ឋានអភិវឌ្ឍន៍ ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែសីហា ឆ្នាំ២០១៨ បង្ហាញថា ក្រុមការងារ ជួយសង្រោះភ្ញៀវទេសចរ ដែលរងរបួសដោយ រអិលឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារ ជាដើមបាន ១៩ករណី។ បញ្ហាទាំងនេះកើតឡើង ដោយសារភ្ញៀវខ្លះ មានការធ្វេសប្រហែស និងមិនគោរព តាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។

បញ្ហាទាំងនេះ ត្រូវបានភ្នាក់ងារទេសចរណ៍ ដែលមានជំនាញសង្រ្គោះបឋម និងមានបរិក្ខារសង្រ្គោះបឋម នៅជាប់ខ្លួនជួយសង្គ្រោះបឋម ទាន់ពេលវេលា នៅកន្លែងកើតហេតុ ក្នុងករណីស្រាលៗ និងសហការ ជាមួយនគរបាលទេសចរ និងនគរបាលការពារ បេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យ ក្នុងរកណី របួសធ្ងន់ធ្ងរ។

ក្រុមភ្នាក់ងារទេសចរណ៍ ក៏បានរើសរបស់របរភ្ញៀវ ដែលភ្លេចឬជ្រុះ នៅតាមប្រាសាទចំនួន ៣៤ករណី និងបានរកឃើញ ៣១ករណី រួមមាន៖ ទូរសព្ទដៃ អាយផេត កាបូបស្ពាយ កាបូបយួរដៃ កាបូបលុយ កាតវីសារ និងម៉ាស៊ីនថត ជាដើម ហើយបានរកឃើញ និងប្រគល់ ជូនម្ចាស់វិញ។ ឯរបស់ខ្លះទៀត ដែលភ្ញៀវមិនបានមករកភ្លាមៗ ក្រុមការងារបានប្រគល់ ឱ្យនគរបាលទេសចរណ៍ រក្សាទុក រងចាំម្ចាស់ដើម មកទាក់ទងយក។ គួរបញ្ជាក់ថា សកម្មភាព ទាំងអស់នេះទទួលបាន នូវការថ្លែងអំណរគុណ និងការកោតសរសើរ យ៉ាងកក់ក្តៅ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបានបង្ហាញ នូវក្តីស្រលាញ់ និងទំនុកចិត្តខ្ពស់ មកលើភ្នាក់ងារទេសចរណ៍។

ក្រៅពីសកម្មភាព សង្គ្រោះ និងការរើស ប្រគល់វត្ថុដែលភ្ញៀវបាត់ឬភ្លេច ក្រុមភ្នាក់ងារទេសចរណ៍ ក៏បានហាមឃាត់ភ្ញៀវ ដែលប្រព្រឹត្តិ មិនសមរម្យ បានចំនួន ៦២ករណីរួមមាន៖ ការបង្ហោះត្រូន (Drone) ការបន្ទោបង់ ក្នុងបរិវេណប្រាសាទ ជនបរទេសថត រូបអាពាហ៍ពិពាហ៍ ដោយគ្មានការ អនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ (ថតបង្ហាញម៉ូត ថតរូបភាពមិនសមរម្យ) ស្លៀកពាក់ មិនសមរម្យ សម្តែងសៀក នៅក្នុងប្រាសាទ រៀបចំពិធីទទួលទាន អាហារនៅក្នុងប្រាសាទ ប្រើប្រាស់ម៉ាស៊ីនថត ខ្នាតធំ ធ្វើពិធីសាសនា ដោយគ្នានការអនុញ្ញាត ថតរូបផ្សព្វផ្សាយ ពាណិជ្ជកម្ម និង គូរគំនូរលក្ខណៈ ទ្រង់ទ្រាយធំ ដោយមិនមានការអនុញ្ញាត។ល។ ក្រោយពីហាមឃាត់ ក្រុមភ្នាក់ងារទេសចរ បានណែនាំ តាមគោលការណ៍ ដែលមាន ជាធរមាន និងពន្យល់ណែនាំ ដល់បុគ្គលទាំងនោះ ត្រូវដាក់សំណើ សុំច្បាប់អនុញ្ញាត ពីអាជ្ញាធរជាតិ អប្សរា ជាមុនសិន ក្នុងករណីណាមួយ ដែលត្រូវឆ្លងកាត់ អាជ្ញាធរជាតិអប្សរា៕