គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាស្តង់លក់ផលិតផលខ្មែរ និងសេវាកម្ម នៅក្នុងពន្លាជាតិកម្ពុជា

12 09 2018

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងមានការចូលរូមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអញ្ជើញទស្សនាស្តង់ លក់ផលិតផលខ្មែរ និងសេវាកម្ម ស្ថិតនៅក្នុងពន្លាជាតិកម្ពុជា ដើម្បីសំណេះសំណាល ជាមួយអាជីវករ ​និងពាណិជ្ជករ ដែលបានចូលរួមព្រឹត្តិការណ៍ ពិព័រណ៍ចិន-អាស៊ាន លើកទី១៥។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបជូន បងប្អូនអាជីវករ និងពាណិជ្ជករទាំងអស់ អំពីកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងស្វែងរកទីផ្សារ ជូនវិស័យឯកជន ហើយការចូលរួម ពិព័រណ៍របស់កម្ពុជា នៅក្នុងឆ្នាំនេះ គឺដើម្បីផ្សព្វផ្សាយ អំពីផលិតផល សក្តានុពល របស់កម្ពុជា រួមជាមួយតំបន់ ទេសចរណ៍ និងវប្បធម៌ដ៏ល្អផូផង់​ ទៅកាន់ពិភពលោក សំដៅពង្រីកទីផ្សារ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ បរទេស ឱ្យចូលមកធ្វើធុរកិច្ច និងទស្សនាកម្ពុជា កាន់តែច្រើន។​

បន្ទាប់មក គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញពិនិត្យ មើលទំនិញប្រើប្រាស់ និងគ្រឿងបរិភោគ ដែលផលិត ដោយសហគ្រាសធុនតូច និងធុនមធ្យម​នៅកម្ពុជា រួមជាមួយសេវាកម្មផ្សេងៗ រាប់ចាប់តាំង ពីវិស័យហិរញ្ញវត្ថុ ដល់វិស័យអចលនទ្រព្យ រួមទាំង តំបន់សេដ្ឋកិច្ច ពិសេសផងដែរ ដែលភាគច្រើន គឺជាកិច្ចសហការ រវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនវិនិយោគចិន។

បើតាម ឯកឧត្តម ស៊ាង ថៃ អគ្គនាយក នៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពន្លាជាតិរបស់ កម្ពុជាឆ្នាំនេះ បានទាក់ទាញក្រុមហ៊ុន ចូលរួមចំនួន ៩០ និងមានស្តង់សរុបចំនួន ១៤៥ស្តង់ ដែលមានតាំងបង្ហាញ​ ផលិតផល​​​​​សក្តា​នុពល​​​ចម្រុះ ទាក់ទង​ទំនិញ​ កសិកម្ម និងកសិ-ឧស្សាហកម្ម។ ក្រៅពីនេះ ក៏មានរៀបចំ សិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយពីគោល នយោបាយវិនិយោគ និង​បរិយាកាស​ធ្វើធុរកិច្ច នៅកម្ពុជា អមដោយពិធីចុះហត្ថលេខា ​លើគម្រោង​វិនិយោគថ្មីៗ ចំនួន ១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិន ចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,៦៣លានដុល្លារ សហរដ្ឋអាមេរិក។

សូមជម្រាបថា ពិព័រណ៍ចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ របស់ទីក្រុងណាននីង ​​ដែលបានរៀបចំ លើក​ដំបូង​ នៅក្នុង​ឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើម របស់ ឯកឧត្តម វិន ជាបាវ អតីត​នាយករដ្ឋមន្រ្តី​​ចិន នៅក្នុង​កិច្ច​ប្រជុំ​កំពូល អាស៊ាន-ចិន លើកទី៧ ហើយទទួលបាន ការគាំទ្រពីបណ្តា មេដឹកនាំ នៃប្រទេស​អាស៊ាន​ទាំងអស់។ នៅក្នុងរយៈពេល ១៥ឆ្នាំនេះ ព្រឹត្តិការណ៍ ពិព័រចិន-អាស៊ាន បានក្លាយជាវេទិកាមួយ​ សម្រាប់​ជំរុញ ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់​ទំនងការទូត ជាពិសេសកិច្ច សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិក អាស៊ានទាំង ១០៕