ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សា ការងារជាមួយលោក Yutaka Sanada អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ី និងអូសេអានីនៃក្រុមហ៊ុនNissan Motor Co.

12 09 2018

ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅឯវេទិកាសេដ្ឋកិច្ច ពិភពលោក​ ស្តីពីអាស៊ានឆ្នាំ២០១៨ នៅទីក្រុងហាណូយ ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយលោក Yutaka Sanada អនុប្រធានជាន់ខ្ពស់ ប្រចាំតំបន់អាស៊ី និងអូសេអានី នៃក្រុមហ៊ុនNissan Motor Co.

ក្នុងនាមក្រុមហ៊ុន Nissan Motor Co. លោក Sanada បានថ្លែងអំណរគុណ ដល់កម្ពុជា ដែល បានផ្តល់ការគាំទ្រកន្លងមក និងកំពុងបន្ត ដល់ប្រតិបត្តិការ ពាណិជ្ជកម្មរបស់ខ្លួន នៅកម្ពុជា។

ជាមួយគ្នានេះផងដែរ លោកក៏បានស្វែងរកការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម អាជីវកម្មថ្មី ដែលពាក់ព័ន្ធ នឹងរថយន្ត ដើរដោយថាមពល អគ្គិសនីនៅកម្ពុជា ដែលរួមចំណែក ដល់បរិស្ថានល្អផងដែរ។

ដោយបានយល់ព្រម សហការគ្នា លើការអភិវឌ្ឍមធ្យោបាយ ធ្វើដំណើរ ដើរដោយថាមពលអគ្គិសនី និងការកសាង សមត្ថភាពនៅកម្ពុជា ក្រុមហ៊ុន Nissan បានឱ្យដឹងថា៖ ខ្លួននឹងស្វែងរកគម្រោង ជាក់លាក់ទាំងឡាយរបស់ខ្លួន ដើម្បីវិនិយោគ និងដើម្បីការអភិវឌ្ឍ ដល់កម្ពុជាផងដែរ។