ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សា ការងារជាមួយលោក Sushant Palakurthi Rao ប្រធានក្រុមហ៊ុន Global Partnerships, Agility

12 09 2018

ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅឯវេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយលោក Sushant Palakurthi Rao ប្រធានក្រុមហ៊ុន Global Partnerships, Agility។

លោក Palakurthi Rao បានបង្ហាញចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន Agility ក្នុងការស្វែងរក ឱកាសវិនិយោគនៅ កម្ពុជា ជាពិសេសការ អភិវឌ្ឍ វេទិកាឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោក Palakurthi Rao បានជម្រាប ជូនឯកឧត្តម ទេសរដ្ឋមន្រ្តីថា៖ ក្រុមហ៊ុន Agility បានដំណើរការវេទិកាដឹក ជញ្ជូនតាមប្រព័ន្ធអនឡាញថ្មីមួយ ដែលជាសេវា ដឹកជញ្ជូនតាម ប្រព័ន្ធអនឡាញ រួមបញ្ចូលគ្នាពេញ លេញមួយជាលើកដំបូង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែង នូវការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមអាជីវកម្ម នៅកម្ពុជា នាពេលអនាគត របស់ក្រុមហ៊ុន Agility។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជម្រាប ជូនលោក Sushant Palakurthi Rao ផងដែរអំពីផល ប្រយោជន៍ជាច្រើន ក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Agility ចូលរួមចំណែក ដល់កំណើនផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម នៅកម្ពុជា តាមរយៈការផ្តល់ នូវធាតុចូល ដ៏មានតម្លៃ ក្នុងការបង្កើត ផែនការមេភស្តុភារកម្ម។