ឯកឧត្តមវេង សាខុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍ ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងបែងចែកតួនាទី ភារកិច្ចជូនឯកឧត្តមថ្នាក់ដឹកនាំក្រសួង

13​ 09 2018

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម​ វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍ ប្រកាសសមាសភាព ថ្នាក់ដឹកនាំ និងបែងចែកតួនាទី ភារកិច្ចជូនឯកឧត្តម ថ្នាក់ដឹកនាំក្រសួង។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន សូមចូលរួមអបអរសាទរ ចំពោះថ្នាក់ដឹកនាំ ដែលត្រូវបាន ព្រះមហាក្សត្រត្រាស់ បង្គាប់តែងតាំង ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដើម្បីបម្រើ ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ បន្ថែមថា សមាសភាពថ្នាក់ដឹកនាំ ភាគច្រើន ជាសមាសភាពចាស់ ប៉ុន្តែតួនាទី ភារកិច្ច គោលនយោបាយ និងយុទ្ធសាស្រ្ តរបស់រាជរដ្ឋាភិបាល គឺពិតជាថ្មី ដែលទាមទារឲ្យយើងមានគំនិត ឆន្ទះនិងយុទ្ធសាស្រ្តថ្មីៗ ថែមទៀតដើម្បីផ្លាស់ប្តូរ កែលម្អឲ្យ បានប្រសើរឡើង រួចឈានទៅសម្រេច នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាល ទី៤ ពិសេសឈាន ទៅសម្រេច ឲ្យបាននូវចក្ខុវិស័យ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។ សម្រេចបានចក្ខុវិស័យនេះ ចាំបាច់ត្រូវ យកចិត្តទុកដាក់ខ្ពស់អនុវត្ត ឲ្យខាងតែបាន នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន គឺទី១-ត្រូវបង្កើនការយកចិត្តទុកដាក់ រាល់សកម្មភាពការងារ ទាំងឡាយណា ដែលផ្តល់ប្រយោជន៍ សេចក្តីសុខចម្រើន សុខសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ភាពសម្បូរសប្បាយ សុភមង្គល និងកិត្តិយស ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ទី២-ម្ចាស់សំឡេងឆ្នោត កំពុងរង់ចាំជំនួយ ពីយើងគ្រប់រូបភាព គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ត្រូវយកអស់កំលាំងកាយ ចិត្ត ស្មារតី ធនធាន រួមទាំងបច្ចេកទេសផងដែរ ដើម្បីជួយដោះស្រាយ នូវរាល់បញ្ហា ដែលពួកគាត់កំពុងប្រឈម ធ្វើយ៉ាងណាជួយសម្រួល ដល់ស្ថានភាពជីវភាព ធានាសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើន និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ធានាដល់សុខសុវត្ថិភាព នៅមូលដ្ឋាន ឲ្យបានល្អប្រសើរ សកម្ម ទូលំទូលាយ និងទាន់ពេលវេលា។
ចំពោះវិស័យកសិកម្ម សម្រាប់អាណត្តិទី៦ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើនិងណែនាំ ដល់ថ្នាក់ដឹកនាំក្រសួង ឲ្យបង្កើនការយកចិត្តទុកដាក់ និងយកស្មារតី ទទួលខុសត្រូវ អនុវត្តគោលនយោបាយ អភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) ឲ្យ សម្រេចបានជោគជ័យ ស្របតាមឆន្ទៈ របស់រាជរដ្ឋាភិបាល ដែលគោលនយោបាយ អភិវឌ្ឍទាំងនោះរួមមាន៖ ទី១.បន្តគាំទ្រការលើកកម្ពស់ និងជំរុញការ អភិវឌ្ឍវិស័យ កសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ទី២.ជំរុញការអនុវត្តកសិកម្ម ប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំ នឹងការប្រែ ប្រួលអាកាសធាតុ។ ត្រូវផ្សព្វផ្សាយ អំពីការអនុវត្តកសិកម្មល្អ ទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ និងវិស័យជលផល ដើម្បីធានាឲ្យមានការ ផ្លាស់ប្តូរ និងត្រូវធ្វើ ឲ្យប្រសើរឡើង ដល់ការកំណត់ ការគ្រប់គ្រងហានិភ័យ ធម្មជាតិ និងការផ្លាស់ប្តូរលក្ខខណ្ឌ អាកាសធាតុ នៅគ្រប់កម្រិត។ ទី៣.ត្រូវអនុវត្តរាល់ វិធានការដើម្បីកាត់បន្ថយ ការថមថយ នៃគុណភាពដី ការប្រើប្រាស់ដី គ្មាននិរន្តរភាព និងធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី។ អង្គភាពជំនាញត្រូវ បន្តខិតខំរៀបចំកំណត់ តំបន់ដាំដុះ ឲ្យបានសមស្របតាមប្រភេទ ដំណាំ និងទិសដៅប្រើប្រាស់ យូរអង្វែង។ ទី៤. ជំរុញ និងលើកទឹកចិត្ត វិស័យឯកជន ឲ្យចូលរួមផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗ ដូចជាការប្រើគ្រឿង យន្តកសិកម្ម និងឧបករណ៍កសិកម្ម ការផលិតពូជថ្មី ការកែច្នៃវិចខ្ចប់ ទទួលបានការគាំទ្រ ទីផ្សារក្នុងស្រុក និងការនាំចេញ ទី៥. បង្កើនកិច្ចសហការ ពហុភាគី ក្នុងការអនុវត្តផលិតកម្ម តាមកិច្ចសន្យា ដើម្បីបង្កើនភាពកក់ក្តៅ និងទំនុកចិត្ត ជូនប្រជាកសិករ និងពាណិជ្ជករ។ ទី៦. គ្រប់អង្គភាព ក្រោមឱវាទត្រូវបន្តជំរុញ ការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត ដែលមានស្រាប់ ឲ្យមានប្រសិទ្ធភាព និងបន្តរៀបចំ និងចងក្រងលិខិតបទដ្ឋាន គតិយុត្តឲ្យសមស្រម តាមនិន្នាការរីកចម្រើន របស់ជាតិ ទី៧.ជំរុញការធ្វើកសិកម្ម ចម្រុះរួមបញ្ជូលទាំងការ ចិញ្ចឹមសត្វ ដាំដំណាំ ចិញ្ចឹមត្រីក្នុងសហគមន័ ព្រៃឈើ និងសហគមន៍នេសាទ ដើម្បីកាត់បន្ថយការ ពឹងពាក់ទាំងស្រុក លើធនធានធម្មជាតិ ឈានទៅ កាត់បន្ថយភាពក្រីក្រ។