កម្ពុជា-UN ចាប់ផ្ដើមអភិវឌ្ឍការបណ្ដុះបណ្ដាល យុវជន ដំណាក់កាលទី២ ផ្ដោតសំខាន់លើសហគ្រិនភាព

25 09 2018

ក្រសួងការងារ និងបណ្ដុះបណ្ដាល​ វិជ្ជាជីវៈ រួមជាមួយអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំ គណៈប្រឹក្សាភិបាល លើកទី៣ នៃកម្មវិធីរួមគ្នា របស់អង្គការ សហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជន នៅកម្ពុជា» ដើម្បីបូកសរុបការងារ ដែលបានអនុវត្តកម្មវិធី នៅជំហានទី១ បន្ទាប់ពីគម្រោងនេះ បានអនុវត្ត ២ឆ្នាំមកហើយ និងអនុម័ត នូវផែនការសកម្មភាព ជំហានទី២ សម្រាប់ឆ្នាំបន្តទៀត។

កិច្ចប្រជុំគណៈប្រឹក្សាភិបាល លើកទី៣នេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក​ជំទាវ​ Pauline Tamesis អ្នកសម្របអង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា​ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានឲ្យដឹងថា កម្មវិធីរួមគ្នាដើម្បីមុខរបរ និងការងារ របស់យុវជន នៅកម្ពុជា ជំហានទី២នេះ ផ្តោតលើការ អភិវឌ្ឍសហគ្រិនភាព របស់យុវជន និងការអភិវឌ្ឍជំនាញ វិជ្ជាជីវៈ ឱ្យទាន់សម័យកាលថ្មី និងបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ ពង្រីកការ បណ្ដុះបណ្ដាល ប្រព័ន្ធព័ត៌មានវិទ្យាទៅ ដល់ក្រុមយុវជន ពិសេសក្រុមយុវជនគោលដៅ គឺក្រុមយុវជនងាយរងគ្រោះ និងមានជីវភាព ក្រីក្រលំបាកជាដើម។

ម្យ៉ាងទៀត កម្មវិធីជំហានទី២នេះ ក៏ប្រមូលផ្តុំ ទៅរកការអភិវឌ្ឍ ការបណ្ដុះបណ្ដាល ការអប់រំ នៅតាមរោងចក្រ សហគ្រាស ពិសេសជំរុញការ កាត់បន្ថយអណក្ខរកម្ម ចំពោះកម្មករនិយោជិត និងបំណិនជីវិត តាមគ្រឹះស្ថានសិក្សាអបរ់រំ ក៏ដូចជានៅតាមមូលដ្ឋាន បណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារផងដែរ។

ឯកឧត្តមបន្តថា បានជាអង្គការសហប្រជាជាតិ ជួយកម្ពុជា សម្រាប់គម្រោងមួយនេះ គឺស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលដៅអភិវឌ្ឍ សហវត្ស របស់អង្គការ សហប្រជាជាតិ ក៏ស្របទៅនឹង គោលនយោបាយមួយចំនួន របស់កម្ពុជា ក្នុងនោះមានគោល នយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យ ឧស្សាហកម្ម គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ គោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិ ស្ដីពីការអប់រំ និងយុវជនជាដើម។

លើសពីនេះ អង្គការសហប្រជាជាតិ ក៏ចង់ជំរុញគោល នយោបាយរបស់ខ្លួនស្រប នឹងគោលនយោបាយ របស់កម្ពុជា ដែលមានប្រយោជន៍ ទៅលើការអភិវឌ្ឍ ការបណ្ដុះបណ្ដាល របស់យុវជនកម្ពុជា ដើម្បីបង្កើត ឱ្យមានកាលានុវត្តភាព សម្រាប់យុវជន និងការកសាងសមត្ថភាព ស្ថាប័នដែលអនុវត្ត កិច្ចការទាំងអស់នេះ មានលទ្ធភាពចាត់ចែង បន្តនៅទូទាំងប្រទេស៕