សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅគោរពវិញ្ញាណក្ខន្តសព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
26 09 2018
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ និងគណះប្រតិភូ នៃប្រទេសជាមិត្តនានា របស់វៀតណាម ចំនួន១១ប្រទេសផ្សេងទៀត រួមមានប្រទេសឡាវ សឹង្ហបុរី ម៉ូសំប៊ិច បេឡារ៉ុស សាធារណរដ្ឋកូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី បានអញ្ជើញទៅ ដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយម វៀតណាម ហើយកាលពីព្រឹក ថ្ងៃទី២៦កញ្ញា ដើម្បីអញ្ជើញគោរព វិញ្ញាណក្ខន្តសព ឯកឧត្តម ប្រធានរដ្ឋវៀតណាម ត្រាន់ ដាយក្វាង ដែលបាន ទទួលមរណភាព កាលពីវេលាម៉ោង១០ និង៥នាទី ព្រឹកថ្ងៃទី២១ កញ្ញាកន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយជំងឺដ៏ធ្ងន់ធ្ងរ ។ សព របស់ឯកឧត្តម ប្រធានរដ្ឋវៀតណាម បានប្រារព្វពិធីតម្កល់ ជាផ្លូវការ រយះពេល ២ថ្ងៃ គឺនៅថ្ងៃ ទី២៦-២៧កញ្ញា នៅបញ្ជាការដ្ឋាន កងទ័ពប្រជាជន វៀតណាម ក្នុងទីក្រុងហាណូយ ដើម្បីអនុញ្ញាត ឲ្យគណះ ប្រតិភូបរទេសនានា អញ្ជើញចូលគោរព វិញ្ញាណក្ខន្ធសព។ នៅចំពោះមុខមជ្ឈូសសព ដែលប្រារព្វពិធីតម្កល់ ជាផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលំអោនកាយ គោរពចំពោះ វិញ្ញាណក្ខន្ធសព ឯកឧត្តមប្រធានរដ្ឋ វៀតណាម។ យោងតាមការ ដកស្រង់ការផ្សាយ ពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានរដ្ឋវៀតណាម ឯកឧត្តម ត្រាន ដាយក្វាង បានទទួលមរណភាព បន្ទាប់ពីឯកឧត្តម បានរងនូវការវាយប្រហារ ដោយជំងឺយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបាន ទទួលមរណភាព នៅម៉ោង១០៖០៥នាទី នៅមន្ទីរពេទ្យយោធា ក្នុងទីក្រុងហាណូយ បើទោះបីជាមានការជួយ សង្រោ្គះយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យចំណានៗ របស់វៀតណាម។ ភ្លាមៗ បន្ទាប់ពីទទួលបាន នូវដំណឹងដ៏ក្រៀមក្រំ បំផុតនោះ គឺនៅថ្ងៃទី២១កញ្ញា នោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្ញើសារនូវលិខិតចូលរួម មរណទុក្ខជូន ឯកឧត្តម នាយករដ្ឋមន្រ្តី វៀតណាម ង្វៀន ស៊ុនហ្វួក ចំពោះការបាត់បង់ ឯកឧត្តម ប្រធានរដ្ឋវៀតណាម។ ក្នុងសារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ មរណភាព របស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់បង់ ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរ ម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងក៏ជាការបាត់បង់មិត្ត ដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រែងនេះ ការឧទ្ទិស និងការបួងសួង របស់សម្តេច គឺស្ថិតនៅជាមួយ ឯកឧត្តមនិងប្រជាជន វៀតណាមជានិច្ច»។ សារលិខិត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមសម្តែង នូវសមានចិត្ត និងការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជា ជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទី ស្រលាញ់នេះ»។ ឯកឧត្តម ត្រាន់ ដាយក្វាង បានស្បថចូលកាន់តំណែង ជាប្រធានរដ្ឋវៀតណាម នៅក្នុងខែមេសា ឆ្នាំ២០១៦ ដោយជំនួសតំណែង ឯកឧត្តម Truong Tan Sang។ ឯកឧត្តម ត្រាន់ ដាយក្វាង កើតនៅក្នុងឆ្នាំ ១៩៥៦ នៅភូមិ Quang Thien នៃខេត្តភាគខាងជើង Ninh Binh។ ឯកឧត្តមបានបញ្ចប់ ការសិក្សា ពីសាកលវិទ្យាល័យនគរបាល ប្រជាជនវៀតណាម និងសាលាភាសា បរទេស ក្រោមក្រសួងមហាផ្ទៃ ដែលបច្ចុប្បន្ន ជាក្រសួងសន្តិសុខ សាធារណៈ។ ឯកឧត្តមក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យ ដោយមានសញ្ញាបត្របណ្ឌិត ផ្នែកច្បាប់ មុននឹងចូលកាន់តំណែង ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន នៃក្រុមប្រឹក្សាសន្តិសុខ។ បន្តមកទៀត ឯកឧត្តមបានក្លាយជា អនុរដ្ឋមន្ត្រីសន្តិសុខ សាធារណៈ នៅឆ្នាំ២០០៦។ ក្នុងខែសីហា ឆ្នាំ២០១១ ឯកឧត្តម ត្រាន់ ដាយក្វាង ត្រូវបានដំឡើងតំណែង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈ រហូតដល់ខែមីនា ឆ្នាំ២០១៦ មុនក្លាយ ជាប្រធានរដ្ឋវៀតណាម។
នៅក្នុងពិធីគោរព វិញ្ញាណក្ខន្ធ ផ្លូវការនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចុះហត្ថលេខា លើសៀវភៅ ក្រាំងមាស មរណទុក្ខ របស់រដ្ឋវៀតណាម ដែលមានខ្លឹមសារជាអាទិ៍ថា ខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រោមក្រំបំផុត ក្នុងនាមគណបក្ស ប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះគណបក្ស កុម្មុយនីស្តវៀតណាម រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម កាលពីថ្ងៃទី២១កញ្ញា កន្លងទៅ។ មរណភាព របស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់បង់ មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់សម្តេច ដែលធ្លាប់ មានអនុស្សាវរីយ៍ ដ៏ជិតស្និទ្ធ ជាមួយគ្នា។ យើងនឹងចងចាំជានិច្ច នូវការខិតខំប្រឹងប្រែង របស់ឯកឧត្តម ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ចំណង ទាក់ទង់ជាភាតរះ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំមកនូវសុភមង្គល និងការរីកចម្រើនជឿនលឿន ថែមទៀត របស់ប្រជាជាតិវៀតណាម។ សូមជូនដំណើរជាលើកចុងក្រោយ។


