ឯកឧត្តម វេង សាខុន ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អញ្ជើញជាអធិបតី ក្នុងវេទិកាសន្ទនា ដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី

27 09 2018

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីស ដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) បានអញ្ជើញជាអធិបតី ក្នុងវេទិកាសន្ទនា ដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី ដែលពិធីនេះ បានរៀបចំប្រារព្វ ​នៅសណ្ឋាគារ Raffles Le Royal Phnom Penh ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្មយ៉ាងច្រើនកុះករ។
ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ ជូនចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គពិធីទាំងមូល ពិសេសឯកឧត្តម ឯកអគ្គរដ្ឋទូត លោកស្រីនាយកទីភ្នាក់ងារស្វីស ដែលបានឆ្លៀតពេល ដ៏មានតម្លៃអញ្ជើញចូលរួម និងផ្តល់ចំណាប់អារម្មណ៍ដ៏មានអត្ថន័យ និងបានថ្លែងអំណរគុណ ជូនចំពោះគម្រោង CAMBODIA HARVEST II របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងបន្លែ ផ្លែឈើកម្ពុជា (Cambodian Horticulture Project Advancing Income and Nutrition, CHAIN) របស់ទីភ្នាក់ស្វីស ដើម្បីអភិវឌ្ឍ និងសហប្រតិបត្តិការ ដែលបានសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំវេទិកានេះឡើង ដោយមានការចូលរួមពីស្ថាប័ន សាធារណៈ វិស័យឯកជន អង្គភាពស្រាវជ្រាវ ផ្សព្វផ្សាយអប់រំកសិកម្ម និងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ ដើម្បីចែកពីរំលែកបទពិសោធន៍ មេរៀនល្អៗ សក្តានុពល នៃអនុវិស័យសាកវប្បកម្ម និងដំណាំស្វាយចន្ទី និងបញ្ហាប្រឈមពាក់ព័ន្ធ ដើម្បីកំណត់នូវអាទិភាព នៃបញ្ហានេះ និងរិះរកវិធានការដោះស្រាយ ប្រកបដោយតម្លាភាព ស័ក្តសិទ្ធភាព និងទាន់ពេលវេលា ស្របតាមចក្ខុវិស័យ នៃគោលនយោបាយ លើការអភិវឌ្ឍ អនុវិស័យសាកវប្បកម្ម និងស្វាយចន្ទី នៅកម្ពុជា ក្នុងក្របខ័ណ្ឌកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ ជូនវេទិកាសន្ទនានេះថា ភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជនថ្នាក់ជាតិ ស្តីពី “ការអភិវឌ្ឍដំណាំ សាកវប្បកម្ម និងដំណាំស្វាយចន្ទី” នាពេលនេះ ពិតជាបានឆ្លើយ តបទៅនឹងយុទ្ធសាស្រ្ត ក្នុងការបង្កើន ផលិតភាព ពិពិធកម្ម កសិ-ពាណិជ្ជកម្ម និងធាតុចូល សម្រាប់ជាយុទ្ធសាស្រ្ត អភិវឌ្ឍសាកវប្បកម្ម និងដំណាំស្វាយចន្ទី នាពេលអនាគត។ ជាមួយកម្មវិធីនយោបាយ យ៉ាងត្រឹមត្រូវ និងតាមរយៈកម្មវិធីកែទម្រង់ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេវាសាធារណៈ និងថាមពល គឺជាបរិយាកាសដ៏អនុគ្រោះ សម្រាប់ការវិនិយោគ និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត “ភាពជាដៃគូដ៏ឈ្លាសវៃ” រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជនទាំង នៅក្នុងការអភិវឌ្ឍន៍ទូទៅជារួម និងទាំងនៅក្នុងកិច្ចការ កែលម្អបរិយាកាស សម្រាប់ការវិនិយោគ និងធុរកិច្ចនៅកម្ពុជា និយាយដោយឡែក។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបាន បញ្ជាក់បន្ថែមថាកា រអភិវឌ្ឍអនុវិស័យសាកវប្បកម្ម ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម នៅមានកម្រិត ដូចជាផលិតភាព ការស្រាវជ្រាវពូជដំណាំ ការផ្តល់សេវាបច្ចេកទេស និងការអភិវឌ្ឍ ខែ្សចង្វាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតប បានទៅនឹងតម្រូវ ទីផ្សារ។ ដោយឡែក ការប្រើប្រាស់ដី កសិកម្មមិនទាន់អស់ សក្តានុពល យន្តការ នៃការផ្តល់ព័ត៌មាន ទីផ្សារកសិកម្ម ដោយផ្សារភ្ជាប់ នឹងផែនការដាំដុះ និងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ នៅមិនទាន់មានភាពរឹងមាំ ការវិនិយោគ លើការកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារមានភាពខ្វះខាត។