រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងការធ្វើបដិវត្តន៍ឧស្សាហកម្មទី៤

01​ 10 2018

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីការទូតអង់គ្លេស ពិនិត្យលទ្ធភាព​ ផ្តល់អាហាររូបករណ៍ ថែមទៀត ដល់និស្សិតកម្ពុជា ពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, និងគណិតវិទ្យា (S.T.E.M) ដើម្បីលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាព របស់កម្ពុជា សម្រាប់គាំទ្រការ ធ្វើបដិវត្តន៍ឧស្សាហកម្ម ទី៤ និងការធ្វើដំណើរ ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បានលើក សំណើនេះឡើង នៅក្នុងជំនួបពិភាក្សា ការងារជាមួយ ឯកឧត្តម អែដ វៃហ្ស៊ី (Edward Vaizey) ប្រមុខពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេស និងលោកជំទាវ ធីណា រ៉េដស (Tina Redshaw) ឯកអគ្គរាជទូតថ្មី របស់ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើង អំពីសារៈសំខាន់ នៃការកសាងធនធានមនុស្ស ដើម្បីបម្រើ ការអភិវឌ្ឍសេដ្ឋកិច្ច និងបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងការបន្តកំណែ ទម្រង់គ្រប់វិស័យ ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលទើបត្រូវបានអនុម័ត កាលពីថ្មីៗនេះ ដើម្បីធានាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកប ដោយសមធម៌ និងចីរភាព។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនបេសកជនទាំងពីរ អំពីស្ថិរភាពនយោបាយ, វឌ្ឍនភាព នៃកំណើនសេដ្ឋកិច្ច, ផលិតផលនាំ ចេញសំខាន់ៗ របស់កម្ពុជា, អត្ថប្រយោជន៍ នៃតំបន់សេដ្ឋកិច្ចពិសេស និងកិច្ចប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើក កម្ពស់បរិយាកាស ធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម នៅកម្ពុជា។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណ សមាគម បាល់ទាត់អង់គ្លេស (FA) ដែលបានប្រើប្រាស់ ឯកសណ្ឋានម៉ាក Marks & Spencer ផលិតនៅកម្ពុជា សម្រាប់ក្រុមកីឡាករ ចូលរួមប្រកួត ព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 នាពេលកន្លងមក។

ជាការឆ្លើយតប ឯកឧត្តម អែដ វៃហ្ស៊ី (Edward Vaizey) បេសកជនពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេស និងលោកជំទាវ ធីណា រ៉េដស (Tina Redshaw) ឯកអគ្គរាជទូតថ្មី នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានសន្យាស្វែងរក អាហារូបករណ៍បន្ថែមទៀត សម្រាប់និស្សិតកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញការធ្វើបដិវត្តន៍ ឧស្សាហកម្មទី៤ និងការបោះជំហាន ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល របស់កម្ពុជា។

ទន្ទឹមគ្នានោះ មន្ត្រីការទូតទាំងពីរ បានកោតសរសើរ អំពីវឌ្ឍនភាព នៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថិរភាព នៃកំណើនសេដ្ឋកិច្ច របស់កម្ពុជា ព្រមទាំងកិច្ចសហការល្អ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ដែលបានជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅ វិនិយោគថ្មី នៅក្នុងតំបន់។ បេសកជនទាំងពីរ បានបន្ថែមទៀតថា បច្ចុប្បន្នមានក្រុមហ៊ុន សំណង់អង់គ្លេស ជាច្រើន កំពុងស្វែងរកឱកាស ចូលមកទីផ្សារកម្ពុជា ដើម្បីនាំយកបច្ចេកវិទ្យា ទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗ សម្រាប់បម្រើការ អភិវឌ្ឍវិស័យសំណង់ ដែលកំពុងមាន ការលូតលាស់ខ្លាំង នៅក្នុងប្រទេសកម្ពុជា។