ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ៧

01​ 10 2018

នាព្រឹក​ ថ្ងៃច័ន្ទ ៧រោជ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០១៨​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំគណៈប្រតិភូ​ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន​ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ នៅកងពលតូច អន្តរាគមន៍ លេខ៧ នៅ​ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខ ​ពី​​សំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា​ ដែល​ជានិច្ច​កាល ​បានគិតគូរចំពោះសុខទុក្ខ និងការរស់​នៅ​ របស់នាយ​ទាហាន នាយទាហានរង និងពល​ទាហាន​ទាំងអស់ នៃកងកម្លាំង​ប្រដាប់​អាវុធ របស់​យើង​នៅ​គ្រប់​ទី​កន្លែង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការ កោតសរសើរខ្ពស់​ ចំពោះ​ស្មារតី​តស៊ូ អង់អាច​ក្លាហាន ប្រកបដោយ​វីរៈភាព​របស់​នាយទាហាន នាយទាហានរង និងពលទាហានរបស់​យើង​ នៅ​កងពលតូច​អន្តរា​គមន៍ លេខ ៧ ដែលបានយកអស់កម្លាំង​កាយចិត្តក្នង​បុព្វហេតុ​ ការពារ​​មាតុភូមិ​​ ការពារ​បូរណភាព​ទឹក​ដី​ នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួម​ អភិវឌ្ឍ​ប្រទេស​ជាតិរបស់យើង​ ឱ្យមានការរីកចម្រើន​ លើគ្រប់វិស័យ។

​ពិធីសំណេះសំណាល របស់យើងនាពេលនេះ ស្ថិត​ក្នុង​​ស្ថាន​ភាព នៃ​​សភាពការណ៍ របស់ប្រទេសជាតិ ដែលកំពុង​តែ​មាន​ការរីក​ចម្រើន​ប្រកប ដោយសន្តិភាព ស្ថិរភាព ការអភិ​វឌ្ឍ និងកិច្ច​សហ​ប្រតិ​បត្តិ​ការ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ​ប្រកប​ដោយគតិបណ្ឌិត របស់​សមេ្តច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយនោះ ឯកឧត្តម ក៏បានជម្រាប ជូនអំពីវឌ្ឍនភាព ដែលរាជរដ្ឋាភិបាល បានខិតខំសម្រេច បាននូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នា បានឃើញ និងទទួលបានផល ពីសមិទ្ធផលនេះ ដែលកើតចេញ ពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធី នយោបាយ​របស់​រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរ ដល់នាយទាហាន នាយទាហានរង និង​ពល​ទា​ហា​ន​ទាំងអស់ ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ សូមប្រកប​ដោយពុទ្ធពរ​ និងជ័យទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ​ និងបដិភាណៈ​ កុំបី​ឃ្លៀង​ឃ្លាតឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ ក៏មាននាំ យកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងផ្តល់អាហារូបករណ៍ សិក្សាមុខជំនាញបច្ចេកទេស ផ្សេងៗ នៅតាមវិទ្យាស្ថាន និងមជ្ឈមណ្ឌល បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ផងដែរ៕