ក្រសួងទេសចរណ៍ ជំរុញយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចែករំលែកព័ត៌មានពីវិស័យទេសចរណ៍ ដល់យុវជនប្រទេសដទៃឱ្យបានទូលំទូលាយ

04 10 2018

នាឱកាសទទួលជួបគណៈប្រតិភូ យុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្ដីការក្រសួង ទេសចរណ៍ នារសៀលថ្ងៃទី​០៤​ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានបង្ហាញ នូវបទពិសោធន៍ និងផ្ដល់ព័ត៌មាន ជាច្រើនពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ នៅកម្ពុជា ដើម្បីឱ្យក្រុមយុវជន ខាងលើយកទៅផ្សព្វផ្សាយ និងចែករំលែកបន្ត ឱ្យបានទូលំទូលាយ ជាមួយក្រុមយុវជន ប្រទេសដទៃ ដែលចូលរួមជាមួយគ្នា។

ប្រតិភូនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា នឹងចេញទៅចូលរួមក្នុងកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន រយៈពេល ៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ ទិត ចន្ថា បានបង្ហាញសុទិដ្ឋិនិយមថា ប្រតិភូយុវជន អាស៊ីអាគ្នេយ៍កម្ពុជា នឹងយកព័ត៌មានល្អៗ ទាំងអស់នោះ ទៅផ្សព្វផ្សាយ និងចែករំលែក ដល់ក្រុមយុវជន នៃប្រទេសអាស៊ានដទៃ និងប្រទេសជប៉ុនផងដែរ ដើម្បីផ្លាស់ ប្ដូរបទពិសោធន៍ និងចំណេះដឹង ឱ្យគ្នាទៅវិញទៅមក ឱ្យបានទូលំទូលាយ។

ឯកឧត្តម ទិត ចន្ថា ក៏ជាអតីតយុវជនកម្ពុជា មួយរូប ធ្លាប់ចូលរួម ជាមួយកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុននេះ កាលពីឆ្នាំ១៩៩២ ផងដែរ ហើយលោកក៏បានបង្ហាញ ពីភាពខុសគ្នារវាងកម្ពុជា កាលពីជំនាន់មុន ដែលពោរពេញ ទៅដោយសង្គ្រាម និងកម្ពុជានាពេលបច្ចុប្បន្ន ដែលពោរពេញ ទៅដោយការអភិវឌ្ឍ លើគ្រប់វិស័យ ដល់ក្រុមក្រុមយុវជន ខាងលើទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានប្រែក្លាយខ្លួន ពីប្រទេសមានសង្គ្រាម និងវាលពិឃាដ ទៅជាប្រទេស ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រហូតក្លាយខ្លួន ជាគោលដៅ ទេសចរណ៍ លំដាប់ពិភពលោក ប្រកបដោយភាពកក់ក្ដៅ ដែលមានទេសចរ ជាតិ-អន្តរជាតិ មកទស្សនា រាប់លាននាក់ ក្នុងមួយឆ្នាំៗ។

ក្នុងជំនួបខាងលើនោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ថែមទាំងបានបង្ហាញ នូវបទពិសោធន៍ និងព័ត៌មាន ជាច្រើនពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ ជូនដល់ប្រតិភូយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ពិសេសគឺគោលដៅ ទេសចរណ៍សំខាន់ៗ ជាច្រើននៅប្រទេសកម្ពុជា ក្នុងនោះមានទាំងអត្ថបទ រូបភាព វីដេអូ ឯកសារ ចម្រៀងទេសចរណ៍ រួមទាំងខ្លឹមសារ ពាក់ព័ន្ធ ជាច្រើន ដើម្បីចែករំលែកបន្ត ដល់មិត្តភក្តិមកពីប្រទេសដទៃ នៅលើនាវា និងជជែកពិភាក្សាគ្នា ផ្លាស់ប្ដូរបទពិសោធន៍ គ្នាបន្តទៀត។

សូមជម្រាបថា ក្នុងកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ ឆ្នាំ២០១៨នេះ ក្រុមយុវជនអាស៊ាន និងជប៉ុនទាំងអស់ ៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុននឹងចេញនាវា ពីប្រទេសជប៉ុន ឆ្ពោះទៅព្រុយណេ ហ្វីលីពីន ថៃ និងវៀតណាម។