ក្រុមប្រឹក្សាជាតិ​ អភិវឌ្ឍន៍ដោយចីរភាព និងអង្គការមូលនិធិអាស៊ី សហការគ្នា និងការកសាងសមត្ថភាព លើសេដ្ឋកិច្ចបៃតង

04 10 2018

ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហការ និងការកសាងសមត្ថភាព លើសេដ្ឋកិច្ចបៃតង បានរៀបចំឡើង នៅទីស្តីការ ក្រសួងបរិស្ថាន នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ រវាង ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព តំណាងដោយ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង អង្គការមូលនិធិអាស៊ី The Asia Foundation តំណាងដោយ លោកស្រី Meloney C.Linberg តំណាងប្រចាំ ប្រទេសអង្គការមូលនិធិអាស៊ី ប្រចាំកម្ពុជា។

ឯកឧត្តម សៅ សុភាព បានឱ្យដឹងថា កម្មវិធីនេះត្រូវ បានបង្កើតឡើងគាំទ្រ ដល់ការរួមចំណែក ដល់ការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ The Asia Foundation មានបំណងសហការ ជាមួយ ក.ជ.អ.ច គាំទ្រការកសាងសមត្ថភាព ទាក់ទងនឹងការគ្រប់គ្រង សំណល់រឹង ការបង្កើនការ ចែកចាយបន្ទះថាមពល ពន្លឺព្រះអាទិត្យ (ឧទាហរណ៍ ថាមពលចេញពីបន្ទះ ពន្លឺព្រះអាទិត្យលើដំបូល) ការដំឡើង ថាមពលពន្លឺព្រះអាទិត្យ នៅតាមទីជនបទក្រីក្រ ដែលគ្មានបណ្តាញអគ្គិសនី ការស្រាវជ្រាវ គោលនយោបាយចាំបាច់ផ្សេងៗ និងសកម្មភាព ផ្សេងទៀត ដែលបានព្រមព្រៀងរួមគ្នា។

ឯកឧត្តម បានចាត់ទុកថា អនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហការ និងការកសាងសមត្ថភាព លើសេដ្ឋកិច្ចបៃតងនេះ មានសារសំខាន់ខ្លាំងណាស់ ដើម្បីពង្រឹង ជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ ទៅលើវិស័យមួយចំនួនដូចជា ថាមពល ពន្លឺព្រះអាទិត្យ ការបង្កើនការចែកចាយ ថាមពលពន្លឺព្រះអាទិត្យ ថាមពលចេញ ពីបន្ទះថាមពលពន្លឺព្រះអាទិត្យ លើដំបូល និងការដំឡើងថាមពល ពន្លឺព្រះអាទិត្យ នៅតាមទីជនបទក្រីក្រ ដែលគ្មានបណ្តាញ អគ្គិសនីជាតិ ទៅដល់ការគ្រប់គ្រង សំណល់រឹង និងការស្រាវជ្រាវ គោលនយោបាយ ចាំបាច់ផ្សេងៗ តាមរយៈការគាំទ្រ ការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង ក្នុងការអភិវឌ្ឍដោយចីរភាព ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តថ្នាក់ជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។