ឯកឧត្តម វេង សាខុន ទទួលជួបឯកឧត្តម Joseph J. Ndanema រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃប្រទេស Sierra Leone

29 10 2018

នៅសណ្ឋាគារ Raffles Le Royal នារសៀលថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលជួបឯកឧត្តម Joseph J. Ndanema រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃប្រទេស Sierra Leone ក្នុងបំណង ដើម្បីពិភាក្សាការងារ ទី១-ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងទី២- ពិនិត្យលទ្ធភាព ក្នុងការនាំចេញអង្ករ ទៅកាន់ទីផ្សារ Sierra Leone នាពេលអនាគតដ៏ខ្លី។

នាឱកាសនេះឯកឧត្តម Joseph J. Ndanema បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ពិសេសវិស័យ កសិកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក ការរីកចម្រើននេះបានចូលរួមចំណែក លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាព ក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជា បានយ៉ាងល្អប្រសើរ។ ឯកឧត្តម រដ្ឋមន្រ្តីបាន បញ្ជាក់ថាវាជាឱកាសដ៏ល្អ សម្រាប់ប្រទេសយើងទាំងពីរ ក្នុងការចាប់ផ្តើមភ្ជាប់ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជារួម និងដោយឡែក គឺវិស័យកសិកម្ម ដែលវិស័យនេះកម្ពុជា កំពុងបោះជំហាន ទៅមុខយ៉ាងល្អប្រសើរ និងគួរឲ្យចាប់អារម្មណ៍ ដែលប្រទេសរបស់លោក អាចរៀនសូត្រ និងដកស្រង់បទពិសោធន៍ តាមពីអ្វីដែលកម្ពុជា បានហែលឆ្លងកាត់ ពុះពារគ្រប់ឧបសគ្គ រហូតសម្រេចបានជោគជ័យ ដែលប្រជាពលរដ្ឋកម្ពុជា ទទួលបានដូចថ្ងៃនេះ ពិសេសនោះ គឺផលិតកម្មស្រូវអង្ករ ដែលពិភពលោកទទួលស្គាល់ យ៉ាងទូលំទូលាយថា ជាអង្ករមានគុណភាព រស់ជាតិឆ្ងុយឆ្ងាញ់ និងក្លិនប្រអូបប្រហើរទៀតផង ហើយត្រូវបាននាំចេញ ទៅកាន់ទីផ្សារ នៅទូទាំងពិភពលោក និងពិសេសជាងនេះ ឆ្នាំ២០១៨ អង្ករកម្ពុជាត្រូវបាន ជាប់លំដាប់ថ្នាក់លេខ១។ ឯកឧត្តម Joseph J. Ndanema បានបញ្ជាក់ថា ប្រទេសរបស់លោក មានស្ថានភាព និងដំណើរការ នៃការកសាង និងអភិវឌ្ឍប្រទេស ប្រហាក់ប្រហែល នឹងប្រទេសកម្ពុជា គឺងើបចេញ ពីសង្គ្រាមរាំរ៉ៃ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ត្រូវបានបំផ្លាញ ស្ទើរទាំងស្រុក សន្តិសុខស្បៀងត្រូវបានប្រឈម។ល។ បច្ចុប្បន្នប្រទេសមួយនេះ បាននិងកំពុងកសាង និងអភិវឌ្ឍជាបណ្តើរ តែទោះជាយ៉ាងណា ផលិតកម្មស្រូវអង្ករ នៅជួបបញ្ហា ដែលធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខស្បៀង។ ហេតុផលនេះ គឺជាកត្តាចំបង ដែលឯកឧត្តម និងប្រតិភូសម្រេចចិត្ត មកធ្វើទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ដើម្បីធ្វើការសិក្សា លើការចុះកិច្ចព្រមព្រាង នៃការយោគយល់គ្នា ក្នុងការនាំចេញអង្ករកម្ពុជា (MOU) ទៅកាន់ប្រទេស របស់លោកនាពេលអនាគត។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម Joseph J. Ndanema និងប្រតិភូ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ស្របពេលដែលកម្ពុជា កំពុងតែមានការរីកចម្រើន លើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ក្នុងនោះអនុវិស័យ នាំមុខគេ គឺផលិតកម្មស្រូវអង្ករ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានទស្សនវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសចេញផុត ពីសង្គ្រាមរាំរ៉ៃ ហើយបានធ្វើប្រទេស មានអសន្តិសុខស្បៀង មកជាប្រទេសមានសុខសន្តិភាព និងសល់ស្បៀងចំនួន ៥,៥ លានតោន សម្រាប់ធ្វើការនាំចេញ។ ក្រៅពីធ្វើស្រូវ កម្ពុជានៅមានផលិតផលកសិកម្ម ជាច្រើនទៀតដូចជា ដំឡូងមី ស្វាយ ស្វាយចន្ទី ដែលផលិតកម្មទាំងនោះ កំពុងតែមានសក្តានុពល ធ្វើការវិនិយោគ កែច្នៃ និងនាំចេញ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានបញ្ជាក់ជូនភ្ញៀវផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ អភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី។ល។ ដោយឡែកក្រសួង បាននិងកំពុងជំរុញការអភិវឌ្ឍ ធនធានមនុស្ស ការធ្វើពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្ម ជាមួយនឹងធ្វើទំនើបកម្មកសិកម្ម និងជំរុញការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនការនាំចេញ កសិផលកម្ពុជានា ពេលអនាគត។

នាឱកាសនេះផងដែរ ភាគីទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនល្អ ទៅវិញទៅមកទាក់ទង៖ -ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស -ការរៀបចំចងក្រង និងគ្រប់គ្រង សហគមន៍កសិករ -ការងារផ្សព្វផ្សាយកសិកម្ម -ព័ត៌មានទីផ្សារ និងតម្លៃកសិផល ពិសេសបន្លែ -គម្រោងនានា ដែលទទួលបាន ពីដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនទាក់ទង នឹងស្តង់ដារអនាម័យ និងភូតភាមអនាម័យ សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ - ការលើកកម្ពស់សហគ្រាស ខ្នាតតូចនិងមធ្យម -វិស័យកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជួយទ្រទ្រង់វិស័យនេះ -ការអនុវត្តសិកម្ម តាមកិច្ចសន្យា និង-ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្មនាពេលអនាគត។