រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកោះកុង៖ ផ្លូវទៅកាន់ខេត្តកោះកុង សេវាស្នាក់នៅ-ម្ហូបអាហារ នឹងរៀបរយស្រេចបាច់មុនបុណ្យសមុទ្រមកដល់

04​ 11 2018

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាង ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរថា ផ្លូវធ្វើដំណើរ ទៅកាន់ខេត្តកោះកុង សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការ នានា នឹងរៀបរយស្រេចបាច់ មុនព្រឹត្តិការណ៍ទេសចរណ៍ ដ៏ធំនេះឈានចូលមកដល់។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើង ក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ លើកទី៣ ដើម្បីត្រៀមរៀបចំ បុណ្យសមុទ្រ លើកទី៧ នៅសាលាខេត្តកោះកុង នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា នៅសល់ជាងមួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រ លើកទី៧ នៅខេត្តកោះកុង នឹងឈានចូលមកដល់ ដែលនឹងប្រារព្ធឡើងធ្វើឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

មានការព្រួយបារម្ភមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីបញ្ហាផ្លូវធ្វើដំណើរ ទៅទស្សនា ពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង។ ចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកជំទាវអភិបាល មិថុនា ភូថង បានធានាអះអាងថា បច្ចុប្បន្ននេះ ក្រុមការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាល ខេត្តកោះកុង បាននិងកំពុងពន្លឿន ការងារនេះ ជារៀងរាល់ថ្ងៃ ពោលកិច្ចការទាំងនេះ នឹងរួចរាល់ស្រេចបាច់ មុនពិធីបុណ្យសមុទ្រមកដល់។

ជាការពិតណាស់ នៅពេលធ្វើដំណើរមកចូលរួម ក្នុងពិធីបុណ្យសមុទ្រ ក្រុមអ្នកសារព័ត៌មាន ក៏បានឃើញពីការមមាញឹក របស់ក្រុមការងារ នានា នៅតាមការដ្ឋានជួសជុល ផ្លូវជាច្រើនកន្លែង តាមបណ្ដោយផ្លូវជាតិ លេខ៤៨ ក្នុងនោះគេឃើញ មានមន្ត្រីជំនាញ បុគ្គលិកបម្រើការ តាមការដ្ឋាន និងគ្រឿងចក្រជាច្រើនគ្រឿង កំពុងខិតខំធ្វើកិច្ចការងារនេះ យ៉ាងមមាញឹក។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកជំទាវអភិបាលខេត្ត ក៏បានធានាអះអាងដែរថា ក្រុមការងារកំពុងដោះស្រាយ បញ្ហាសេវា ស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា ក្នុងនោះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវ មិនឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ កុំឱ្យឡើងថ្លៃហួសហេតុពេក ហើយបើតាមអង្គប្រជុំ នាថ្ងៃនេះ ក្រុមការងារ ខាងភាគីកម្ពុជា ក៏បានសម្របសម្រួល ជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរ ពីកម្ពុជាដែលមកទស្សនាបុណ្យសមុទ្រ នៅខេត្តកោះកុង អាចឆ្លងទៅទស្សនា នៅខេត្តត្រាច ប្រទេសថៃ និងស្នាក់នៅទីនោះបានផងដែរ។ ចំពោះករណីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ថា ជាស្មារតី ប្រមុខរាជរដ្ឋាបាល បានឯកភាព និងគាំទ្រហើយ ព្រោះលើកមុនរាជរដ្ឋាភិបាលល បានអនុញ្ញាតិម្តងហើយ តែធម្មតា គណកម្មាការ អន្តរក្រសួង ត្រូវធ្វើវលិខិតស្នើសុំ ជាផ្លូវការ ថែមទៀត។

ក្នុងអង្គប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់អនុគណៈកម្មការនានា មានដូចជា៖

* សម្រាប់ខេត្ត នៅជាប់មាត់សមុទ្រ ឬតាមបណ្ដាស្រុកនានា នៅក្នុងខេត្តកោះកុង ប្រសិនបើមានម្ហូបអាហារ ដែលបញ្ជាក់ ពីអត្តសញ្ញាណខេត្ត ឬស្រុករៀងៗខ្លួននោះ គប្បីចូលរួមតាំងពិព័រណ៍ ក្នុងព្រឹត្តិការណ៍នេះ ហើយក្រុមការងារ ត្រូវផ្ដល់ស្ដង់ ម្ហូបអាហារជូនពួកគេ។

* ត្រូវពន្លឿនការតុបតែង លម្អទីតាំងសំខាន់ៗមួយចំនួន អមជាមួយការបង្ហាញផ្ទាំងផ្សព្វផ្សាយ អំពីពិធីបុណ្យសមុទ្រនេះ ដូចជានៅរង្វង់មូល ផ្លូវបំបែកស្រែអំបិល និងរង្វង់មូល ដើមវិថីសាយភូថង។ ក្រៅពីនេះ ត្រូវដាក់បង្ហាញផ្ទាំង អបអរសាទរ ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨ នៅតាមសាលាឃុំ ឬនៅតាមទីតាំងរដ្ឋបាលនានា ដើម្បីផ្សព្វផ្សាយ អំពីពិធីបុណ្យសមុទ្រ ឱ្យកាន់តែទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋ។

* នៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុងផ្ទាល់ ត្រូវបំផុស ឱ្យប្រជាពលរដ្ឋបើកភោជនីយដ្ឋាន​ អាហារដ្ឋាន​ផ្ទះសំណាក់ សណ្ឋាគារ​ និងអាជីវកម្មសេវាកម្មនានាបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់ សេវាកម្មជូនភ្ញៀវទេសចរ នៅពេលមកទស្សនា បុណ្យសមុទ្រ និងនៅតាមគោលដៅ ទេសចរណ៍នានា ក្នុងខេត្តកោះកុង ពិសេសត្រូវបន្ត ការអនុវត្តយុទ្ធនាការ «គ្មានសំរាមក្រោមតុ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន»។ មួយវិញទៀត ត្រូវផ្សព្វផ្សាយ ពីសេវាកម្មនានា ក្នុងខេត្ត ជូនភ្ញៀវទេសចរផងដែរ។

* ត្រូវផ្សព្វផ្សាយ ពីស្ថានភាពផ្លូវធ្វើដំណើរ ជូនភ្ញៀវទេសចរ ឱ្យបានដឹងច្បាស់ ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ កុំឱ្យមានការព្រួយបារម្ភ ពីបញ្ហាផ្លូវធ្វើដំណើរ មកទស្សនាបុណ្យសមុទ្រ។

* ត្រូវផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍នានា នៅក្នុងខេត្តកោះកុង ទៅដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋាន វិស្សមកាល តារាសាគរ (កោះស្ដេច) សហគមន៍តាតៃ សហគមន៍បាក់ខ្លង​ សហគមន៍អារ៉ែង ច្រកព្រំដែនចាំយាម តំបន់ព្រៃកោងកាង នៅសហគមន៍ពាមក្រសោប ជាដើម។

* ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរទេសចរណ៍ ខេត្តកោះកុង ត្រូវបំផុស ឱ្យប្រជាពលរដ្ឋ ក្នុងខេត្ត ចេះរៀបចំផ្ទះស្នាក់ ជូនភ្ញៀវទេសចរ ពិសេសត្រូវធ្វើសេចក្ដី ជូនដំណឹងស្ដីពី ការស្នាក់នៅ តាមផ្ទះប្រជាពលរដ្ឋ នៅតាមបញ្ជរព័ត៌មានទេសចរណ៍។

* ចំពោះការរៀបចំព្រឹត្តិការណ៍ កីឡា ការរៀបចំសិល្បៈ តន្ត្រី ការរៀបចំទស្សនីយភាពនានា និងការរៀបចំកិច្ចការផ្សេងៗ ក៏បាន និងកំពុងប្រព្រឹត្ត ទៅរលូនផងដែរ គឺមានការគិតគូរ ហាត់សម ជាបណ្ដើរៗហើយដែរ។

* ទាក់ទងការសម្រួល រថយន្តគ្រួសារ ចេញចូលទៅថៃ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ឯកឧត្តម គន់ ញឹម អគ្គនាយកគយ កំពុងជំរុញកែសម្រួល បែបបទថ្មី ឲ្យបានស្រួល អាចឲ្យកាន់តែស្រួល ជាងភាគីជិតខាងផង៕