ឯកឧត្តម បណ្ឌិត អ៊ិត សំហេង អនុញ្ញាតឱ្យឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូត​ សហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលផុតអាណត្តិ ដើម្បីសម្តែងការគួរសម ជម្រាបលាមុនចេញដំណើរ

08​ 11 2018

នាទីស្តីការក្រសួងការងារ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលត្រូវបញ្ចប់បេសកម្ម របស់ឯកឧត្តមនៅកម្ពុជា ចូលជួបសម្តែងការគួរសម ជម្រាបលាមុនចេញដំណើរ។

នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គរដ្ឋទូតបានរំលឹកឡើងវិញ នូវអនុស្សារីយ៍ល្អៗ ខណៈពេលដែលឯកឧត្តម អគ្គរដ្ឋទូតមានវត្តមាន បំពេញបេសកម្មការទូត នៅក្នុងព្រះរាជាណាចក្រកម្ពុជា កន្លងមក ។ ឯកឧត្តម William A. Heidt បានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានទទួលរូបឯកឧត្តម នៅពេលនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ពិតជារីករាយ ដែលស្ថានទូតសហរដ្ឋអាមេរិក ធ្លាប់បានសហការ ជាមួយ ក្រសួងស្ថាប័ន របស់រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា ។ ចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដៃគូសហប្រតិបត្តិការដ៏ល្អ ដែលយើងបានធ្វើការខិតខំរួមគ្នា កន្លងមក ក្នុងការដោះស្រាយ បញ្ហាប្រឈម បញ្ហាធ្វើឱ្យមានការរីកចម្រើន ជាច្រើនជាមួយគ្នា ដែលវាបានឆ្លុះបញ្ចាំង នូវកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសហរដ្ឋអាមេរិក ជាមួយនិងកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៏ថា៖ « ខ្ញុំពិតជាមានការសប្បាយរីករាយផង និងអាឡោះអាល័យផង នាឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់ បេសកម្មការទូត នៅកម្ពុជា។ ពេលវេលាដូចជាលឿនណាស់ រយៈពេលមួយអាណត្តិ របស់ឯកឧត្តមកន្លងមកនេះ យើងមានទំនាក់ទំនង ទៅលើវិស័យពាណិជ្ជកម្ម លក្ខខណ្ឌការងារជាដើម »។ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី សូមអរគុណ និងសម្តែង នូវការវាយតម្លៃខ្ពស់ ចំពោះបេសកម្ម របស់ឯកឧត្តម អគ្គរដ្ឋទូត ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជាកន្លងមក៕