ឯកឧត្តម ត្រាំ អ៊ីវតឹក អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកម្មវិធីសន្និសីទស្តីពី “The 5th World Internet Conference (WIC)“

07 11 2018​

ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំ​ គណៈប្រតិភូក្រសួង ចូលរួមកម្មវិធីសន្និសីទស្តីពី “The 5th World Internet Conference (WIC)“ ដោយមានការចូលរួម ពីគណៈប្រតិភូរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សហគ្រិនចិននិងបរទេស អ្នកជំនួញ និងអ្នកប្រាជ្ញល្បីៗ ជុំវិញពិភពលោក ប្រមាណ ១៥០០នាក់ ស្ថិតនៅក្រុង Wuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋ ប្រជាមានិតចិន។

ព្រឹត្តិការណ៍ WIC លើកទី៥ នេះ គឺមានលក្ខណៈពិសេសថ្មី បើប្រៀបធៀប នឹងព្រឹត្តិការណ៍មុនៗ ដោយមានរួមបញ្ចូល នូវប្រធានបទប្រមូលផ្តុំជាច្រើន និងការច្នៃប្រឌិត ដែលបានពីសន្និសីទកន្លងមក សមិទ្ធិផលធំៗ និងសេវាកម្មសន្និសីទដ៏ឆ្លាតវៃ។ WIC ក៏មានការរៀបចំ នូវវេទិកាចំនួន ១៩ផ្សេងទៀត ដែលវេទិកាទាំងនោះ ផ្តោតទៅលើប្រធានបទ ចំនួន០៥ គឺ ការអភិវឌ្ឍច្នៃប្រឌិត សន្តិសុខសកល ការបើកចំហ និងការដាក់បញ្ជូល ការស្វែងរកជីវិតកាន់តែប្រសើរ និងវិបុលភាពទូទៅ។

WIC ត្រូវបានជឿជាក់ថា នឹងក្លាយជាវេទិកា សម្រាប់ផ្លាស់ប្តូរមតិចែករំលែកបទពិសោធន៍ បង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ទៅវិញទៅមក ក្នុងវិស័យឌីជីថល និងជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍន៍ នៃប្រព័ន្ធអ៊ីនធឺណិតសកល៕