បេក្ខជននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជួបសម្ដែងការគួរសមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

08​ 11 2018

នៅព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស (A) ចំនួន៤០៨នាក់ ដែលពិធីនេះ បានធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា សម័យប្រឡងកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧%។ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) មានចំនួន ៤០៨នាក់ និទ្ទេស (B) ចំនួន ២,២២២នាក់ និទ្ទេស (C) ចំនួន ៦,០៤១នាក់ និទ្ទេស (D) ចំនួន ១៥,១៨០នាក់ ព្រមទាំងនិទ្ទេស (E) ចំនួន ៥,២១៨៣នាក់។ ដើម្បីលើកទឹកចិត្ តដល់ក្មួយៗ ដែលខិតខំរៀនសូត្រ ហើយប្រឡងជាប់ បាននិទ្ទេសខ្ពស់ (A) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែផ្តល់កិត្តិយស អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ក្មួយៗ ចៅៗមក ពីទូទាំងប្រទេស។ ក្នុងនោះក៏មានវត្តមាន លោកនាយកសាលា ឪពុកម្តាយ និងអាណាព្យាបាលសិស្ស បានចូលរួមជារៀងរាល់ឆ្នាំ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែង របស់កូនក្មួយ និងចៅៗ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង រៀនសូត្រទទួល បាននិទ្ទេស (A) នាពេលនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងតំណែង សម្តេចនៅតែជា នាយករដ្ឋមន្ត្រី សម្តេចតេជោ នឹងនៅតែបន្តជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស (A) រៀងរាល់ឆ្នាំ។ សម្តេចតេជោ បានកោតសរសើរ ចំពោះក្មួយៗចៅៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានលទ្ធផលល្អបែបនេះ និងបានថ្លែងអំណរគុណ ចំពោះក្រសួងអប់រំយុវជន និងកីឡា , មន្ត្រីក្រសួងអប់រំ នៅតាមបណ្តាខេត្តនានា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សិស្សទាំងអស់ ដែលបានរួមចំណែកនាំមក នូវភាពជោគជ័យសម្រាប់ក្មួយៗ និងចៅៗ។ ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកដល់ក្មួយៗ និងចៅៗ ទាំងអស់ត្រូវខិតខំប្រឹងប្រែង ថែមទៀត ជាពិសេស ត្រូវមានការដឹងគុណ ចំពោះគ្រូបង្រៀង ដែលជាអ្នកមានគុណ ទី២ របស់យើង ដែលធ្លាប់បានអប់រំ បណ្តុះចំណេះវិជ្ជាដល់យើង។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើក ទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងមិនជាប់ពេលនេះ គឺត្រូវខិតខំបន្ថែមទៀត នៅឆ្នាំក្រោយ ហើយ បើប្រឡងមិនជាប់ទៀតគឺ អាចបន្តរៀនបរិញ្ញាបត្ររងសិន ដើម្បីបន្តបរិញ្ញាបត្រក៏បាន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណ នឹងកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ,អាជ្ញាធរ និងអ្នកពាក់ពន្ធ័ទាំងអស់ ដែលបានចូលរួមវគ្គបំប៉ន ដល់សិស្សានុសិស្សកន្លងមក មុនការ ប្រឡងនៅតាមបណ្តាខេត្តផ្សេងៗ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានរលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ដែលពេលនោះធនធាន អ្នកចេះដឹងជាច្រើន ត្រូវបានសំលាប់ចោល ហើយសាលារៀនមួយចំនួន ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីយើងទទួលបាននូវសុខ សន្តិភាព គឺយើងបានបណ្តុះបណ្តាល ធនធានមនុស្សកើនឡើង ជាបន្តបន្ទាប់ ជាពិសេស រាជរដ្ឋាភិបាល បានពង្រាយ សាលារៀន តាំងពីទីប្រជុំជន រហូតដល់ទីជនបទ ដាច់ស្រយាលរាប់ពាន់ខ្នង ដើម្បីទុកអោយកូនចៅ ប្រជាពលរដ្ឋ បានសិក្សារៀនសូត្រគ្រប់ៗគ្នា។

បច្ចុប្បន្ន ប្រាក់ខែគ្រូបង្រៀនមិនតិចជាង ១លាននោះទេ ហើយចាប់ពីឆ្នាំ២០១៩ទៅ គ្រូបង្រៀន និង មន្ត្រីរាជការគឺចាប់ផ្តើម អនុវត្តបើក ២ដងក្នុង ១ខែ តាមប្រព័ន្ធធនាគារ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្ស និទ្ទេស (A )ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ជាមួយ សៀវភៅអប់រំទូន្មានរបស់ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង សៀវភៅចំនួន២ ក្បាល និង iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ ជាអនុស្សាវរីយ៍ផងដែរ។ ចំពោះលោកគ្រូ អ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៧១ នាក់ ដែលម្នាក់ៗ ទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរមួយគ្រឿង ហើយសាលានីមួយៗ ដែលមានសិស្សជាប់និន្ទេស (A) គឺក្នុង១សាលាទទួលបានថវិការ ៣លានរៀល។

សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកូនក្មួយ ព្រមទាំងចៅៗ សិស្សានុសិស្សទាំងអស់ ជួបតែសេចក្តីសុខ ចម្រើន និងទទួលបានជោគជ័យថ្មីៗ ជាបន្ត ទៀតក្នុងការសិក្សារៀនសូត្រ និងក្នុងការអប់រំផ្តល់ នូវចំណេះដឹង ដល់កូនខ្មែរជំនាន់ក្រោយ ជាបន្តទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសថតរូប អនុស្សាវរីយ៍ជាមួយកូនក្មួយ និងចៅៗ សិស្សានុសិស្ស ដែលជាប់និទ្ទេស (A) ទាំង ៤០៨ នាក់ ក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕