កិច្ចពិភាក្សាលើផែនការ និងគោលនយោបាយបរិស្ថាន សម្រាប់គម្រោងកសាងប្លង់គោលប្រើប្រាស់ដីនៅក្រុងព្រះសីហនុ

14 11 2018

នៅរសៀលថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ ក្រសួងបរិស្ថាន បានទទួលជួបក្រុមជំនាញការ នៃក្រសួងដែនដី ហេដ្ឋារចនាសម័្ពន្ធ ដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក Hong Yongcheol ដើម្បីពិភាក្សា ប្រមូលធាតុចូលបន្ថែម ពាក់ព័ន្ធផែនការ និងគោលនយោបាយបរិស្ថាន សម្រាប់ការកសាងប្លង់គោល ក្រុងព្រះសីហនុ និងខេត្តព្រះសីហនុទាំងមូល។
ក្រោយពីបានស្តាប់ នូវរបាយការណ៍គម្រោងសង្ខេប ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់នូវអនុសាសន៍ សម្រាប់ក្រុមជំនាញ ការរៀបចំការងារបន្ត ទី ១. ពិនិត្យអំពីនិរន្តភាព នៃការប្រើប្រាស់ប្រភពទឹក តំបន់ក្បាលឆាយ ទាំងក្នុងពេលបច្ចុប្បន្ន និង រហូតដល់ឆ្នាំ២០៣៨ ទី២. យកចិត្តទុកដាក់ជាចំបង លើបញ្ហាអាងប្រព្រឹត្តកម្មទឹកកង្វក់ និងទី៣. បញ្ចូលបញ្ហាការគ្រប់គ្រង សំណល់រឹង ទៅក្នុងការរៀបចំប្លង់គោល។
គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈ យោគយល់គ្នា ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ ២០១៦ ដែលក្នុងនោះមានចំណុចមួយ ផ្តោតលើការរៀបចំប្លង់គោល សម្រាប់ក្រុងព្រះសីហនុ និងខេត្តព្រះសីហនុទាំងមូល៕