ក្រសួងបរិស្ថានរៀបចំពិធីអបអរសាទរខួបទី៤០នៃកំណើតរណសិរ្ស២ធ្នូ ដោយរំលឹក និងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានកសាងវិស័យបរិស្ថាន

19 11 2018

ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន  ទាំងចាស់ទាំងថ្មី និងក្រុមគ្រួសារ នៃស្ថាបនិកចលនារណសិរ្ស ២ធ្នូ ធ្លាប់បំពេញការងារ ក្នុងវិស័យបរិស្ថាន បានជួបគ្នាបង្ហាញ ពីស្នាមញញឹមរំលឹក ដល់សមិទ្ឋផលការងារ ជាប្រវត្តិសាស្រ្ត ក្នុងការអភិវឌ្ឍន៍វិស័យបរិស្ថាន ឱ្យមានការរីកចំរើន ជារៀងរហូតមក។ ព្រឹត្តិការណ៍នេះរៀបចំឡើង ដោយក្រសួងបរិស្ថាន នាថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអបអរសាទរ ខួបអនុស្សវរីយ៍ លើកទី៤០ នៃកំណើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ២០១៨។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ស្មារតី២ធ្នូ និងស្មារតី៧ មករា បានចារិកជាប់ ក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជា គ្រប់រូប និងបានប្រែក្លាយ ទៅជាកម្លាំងសាមគ្គីដ៏ធំ ក្នុងការបង្កើតឡើង នូវសមិទ្ធិផលនានា លើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជា បានជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើន ឥតគណនាធ្វើឲ្យប្រទេសជាតិ សម្រេចបានសមិទ្ធិផលធំៗ និងសំខាន់ៗជាប្រវត្តិសាស្ត្រ ជាពិសេស ក្នុងវិស័យបរិស្ថាន ដែលថ្នាក់ដឹកនាំ កើតចេញពីស្មារតី២ធ្នូ បានកសាង និងអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ បានប្តេជ្ញាបន្តការដឹកនាំ ក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលទំនើប នៅក្នុងរាជរដ្ឋាភិបាល អាណ្ណត្តទី៦ នៃរដ្ឋសភា ដែលផ្តោតសំខាន់ លើកិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រង ធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។
សូមបញ្ជាក់ថា កម្ពុជាគ្រោងប្រារព្ធ ធិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ -២ធ្នូ២០១៨ នៅវិមាន២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយមាន ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ សមាជិកសមាជិកា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការ រណសិរ្សគ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ៕