កិច្ចប្រជុំពិភាក្សាការរៀបចំ និងកែសម្រួលការងារបញ្ជូនឯកសាររបាយការណ៍បូកសរុបការងារសន្និបាត ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ និងរបាយការណ៍ផ្ញើជូនរាជរដ្ឋាភិបាល

19​ 11 2018

នារសៀលថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា​ ការរៀបចំ និងកែសម្រួលការងារ បញ្ជូនឯកសារ របាយការណ៍បូកសរុប ការងារសន្និបាត ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ និងរបាយការណ៍ ផ្ញើជូនរាជរដ្ឋាភិបាល ដោយមានការចូលរួម ពីតំណាងគ្រប់អគ្គនាយកដ្ឋាន អង្គភាពស្វ័យត នាយកដ្ឋាន និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តទាំង២៥។

នៅក្នុងកិច្ចប្រជុំនោះ សមាជិក សមាជិកាអង្គប្រជុំ បានចូលរួមមតិយោបល់កែសម្រួលទម្រង់ របាយការណ៍បូកសរុបការងារ សន្និបាត និងរបាយការណ៍ ផ្ញើជូនរាជរដ្ឋាភិបាល ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ងាយយល់ និងព័ត៌មានច្បាស់លាស់ គ្រប់គ្រាន់ សម្រាប់ត្រៀម ពិធីសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០១៩ ខាងមុខ។

លោកជំទាវ រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានស្នើឱ្យគ្រប់អង្គភាព ក្រោមឱវាទក្រសួងទាំងអស់ យកចិត្តទុកដាក់រៀបចំ របាយការណ៍សម្រាប់បូកសរុប សន្និបាតរបស់ក្រសួង ដែលបង្ហាញនូវស្នាដៃ សមិទ្ធផល ដែលគ្រប់អង្គភាពបានខិតខំ ប្រឹងប្រែងយក អស់កម្លាំងកាយ កម្លាំងចិត្តបំពេញការងារ និងអនុវត្ត នូវតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។

ជាចុងបញ្ចប់លោកជំទាវ មឹន មាណវី ប្រធានអង្គប្រជុំ បានផ្តាំផ្ញើដល់គ្រប់អង្គភាព និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ផ្សព្វផ្សាយពីគ្រោះថ្នាក់ ចរាចរណ៍ ដល់បងប្អូន ក្នុងឱកាសបុណ្យអ៊ុទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ និងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការបើកបរ គោរពច្បាប់ចរាចរណ៍ មានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរហួសល្បឿនកំណត់ ផឹកស្រវឹង និងវ៉ាជែងគ្នា ក្នុងស្ថានភាពផ្លូវចង្អៀត៕