២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដាក់ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជាក្រុមហ៊ុនដែលធ្វើការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករខ្មែរទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង

19​ 11 2018

ថ្លែងក្នុងពិធីដាក់​ ឱ្យដំណើរការក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជាក្រុមហ៊ុន ដែលធ្វើការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ក្រុមហ៊ុនមួយនេះ ត្រូវបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្របសម្រួល នាំចេញពលករ ទៅកាន់ទីក្រុងហុងកុង ប្រកបដោយជោគជ័យ ដោយគោរព តាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីធានាបាននូវសុវត្ថិភាព ផាសុខភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ ពិសេសការ ធានាបាននូវលក្ខខណ្ឌការងារ ឱ្យកាន់តែល្អ ប្រសើរឡើង ជូនដល់បងប្អូនពលការិនីកម្ពុជា ដែលនឹងចេញទៅបម្រើការងារ ជាជំនួយការផ្ទះ នៅទីក្រុងហុងកុង នាពេល ខាងមុខឆាប់ៗនេះ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានប្រសាសន៍ លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ពិសេសការបន្តពង្រឹង អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីក កិច្ចសហប្រតិបត្តិការ ពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយ ទីផ្សារការងារស្របច្បាប់ នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ ការងារដោយខុសច្បាប់, លើកកម្ពស់ ការគាំពារសិទ្ធិ  និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ពលករ ការផ្តល់ការសម្របសម្រួល ទំនាក់ទំនង ជាមួយគ្រួសារ និងការធ្វើសមាហរណកម្ម ពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួល ស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គម មកក្នុងប្រទេស ការផ្តល់ប្រឹក្សាការងារធ្វើ និង ការបង្កើតមុខរបរ ដោយខ្លួនឯង។

ជាក់ស្តែង ដើម្បីឱ្យការបញ្ជូនពលការិនី ជំនួយការផ្ទះ ទៅធ្វើការនៅតំបន់រដ្ឋបាល ពិសេសហុងកុងទទួល បានជោគជ័យ សម្រាប់ដំណាក់កាល សាកល្បងដំបូង នៅឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈ នៃកិច្ចព្រមព្រៀង ជាមួយសមាគមអភិវឌ្ឍ ធនធានមនុស្សកម្ពុជា នៅហុងកុង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការផ្តល់សេវាគាំពារ និងសេវាគាំទ្រនានា សម្រាប់ពល ការិនីជំនួយការផ្ទះ និងផ្សព្វផ្សាយណែនាំ អំពីពលការិនីជំនួយការផ្ទះកម្ពុជា ទៅដល់និយោជកហុងកុង។ សព្វថ្ងៃនៅទីក្រុងហុងកុង មានពលករបរទេស បម្រើការងារផ្ទះ មានចំនួនប្រហែល ៣៥៧ ០០០នាក់ ភាគច្រើន ជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី ដោយពួកគេទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារ ដូចពលករហុងកុងដែរ ដោយរួមមាន៖
- ការឈប់សម្រាកប្រចាំសប្តាហ៍
- ការឈប់សម្រាកប្រចាំឆ្នាំ ដោយមានប្រាក់ឈ្នួល ចំនួន៧ ថ្ងៃ ទៅ១៤ថ្ងៃ ក្នុង១ឆ្នាំ
- ការឈប់សម្រាក លំហែមាតុភាព ចំនួន១០សប្តាហ៍
- ការធានារ៉ាប់រង ពេលមានជំងឺ
- ផ្តល់បន្ថែមប្រាក់លើកទឹកចិត្ត សម្រាប់ពលករ ដែលបម្រើការងារយូរឆ្នាំ។
រដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង បានដាក់អោយមាន នូវកិច្ចសន្យាការងារស្តង់ដា សម្រាប់គាំពារបន្ថែម ជូនដល់ពលករ បរទេសបម្រើ ការងារតាមផ្ទះ រួមមានប្រាក់បៀវត្សទាបបំផុត ត្រឹម ប្រមាណ ៥៧០ដុល្លារអាមេរិក ដែលនឹងត្រូវត្រួតពិនិត្យ ឡើងវិញ ជាទៀងទាត់ ការផ្តល់អាហារ ឬប្រាក់ហូបចុកចំនួន ១៣៣ដុល្លារអាមេរិក ក្នុង១ខែ ការស្នាក់នៅសមរម្យ ដោយមិនគិតថ្លៃ ការចេញថ្លៃសំបុត្រយន្តហោះ ត្រឡប់មកវិញ និងការព្យាបាល ជំងឺដោយមិនគិតថ្លៃ។ល។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បានបញ្ជូនពលករ ទៅបម្រើការងារ នៅបរទេសបានចំនួន ៦ ប្រទេសគឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសឹង្ហបូរី និងហុងកុង ដែលមានពលករ សរុបចំនួនប្រមាណ ១លាន២សែននាក់។ ហើយកន្លងមកពួកគាត់ បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាព ក្រុមគ្រួសាររបស់ពួកគាត់ ប្រមាណជាង ២ពាន់លានដុល្លារក្នុង ១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យា ការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយ ជាធនធានមនុស្សដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែ អាចរកប្រាក់ចំណូល បានបន្ថែមទេ ថែមទាំងទាំងទទួល បាននូវជំនាញ បទពិសោធន៍  ចំណេះដឹងភាសា និងរបៀបរបបរស់នៅ ក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង៕