ប្រជាសហគមន៍ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ បានទទួលពូជសត្វ និងសម្ភារៈកសិកម្ម ពីគម្រោងរបស់ក្រសួងបរិស្ថាន

26 11 2018

នៅព្រឹកថ្ងៃច័ន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីប្រគល់ជ្រូក មាន់ និងសម្ភារៈចិញ្ចឹមសត្វ ដល់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ «ភ្នំប្រង់» ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្រ្តខេត្តកំពង់ធំ។ ប្រជាពលរដ្ឋចំនួន ២៩ គ្រួសារ ស្ថិតក្នុងភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានទទួលពូជសត្វចិញ្ចឹម និងសម្ភារៈកសិកម្ម ពីគណៈអធិបតី និងមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្ដី នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត តំណាងគណៈអភិបាលស្រុក អាជ្ញាធរពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ តំបន់ការពារធម្មជាតិ «ភ្នំប្រង់» សរុប ៨៨នាក់។ នេះជាលើកទី៩ ហើយដែលក្រសួងបរិស្ថាន បានចែកគោ ជ្រូក និងមាន់ ដល់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងចំណោមសហគមន៍ តំបន់ការពារធម្មជាតិទាំង ១០សម្រាប់ ថវិកាក្នុងឆ្នាំ២០១៨ នៃម្រោងលើកកម្ពស់ ជីវភាពប្រជាជន ក្នុងតំបន់ការពារធម្មជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ ឱ្យសហគមន៍ តាមរយៈ ស្មារតីនៃអង្គវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមអធិបតីភាព សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦៕