រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០

26 11 2018

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់​ នៃរដ្ឋាភិបាល សហភាពអារ៉ាប់រួម មេដឹកនាំប្រទេស និងតំណាងអង្គការ អន្តរជាតិថា កម្ពុជាបានត្រៀម លក្ខណៈរួចជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោក ដែលនឹងរៀបចំ នៅទីក្រុងឌុយបៃ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

ការប្រកាសរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសចូលរួម កម្មវិធីលៀងសាយភោជន ស្វាគមន៍អ្នកចូលរួមកិច្ចប្រជុំ IPM លើកទី៣ ដែលរៀបចំឡើង កាលពីរាត្រីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងឌុយបៃ ប្រទេសសហភាព អារ៉ាប់រួម ក្នុងគោលបំណង ជួបពិភាក្សា និងតាមដានវឌ្ឍនភាព ការងាររៀបចំពិព័រណ៍ ពិភពលោកឌុយបៃ ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើង ពីការចូលរួមដ៏សកម្ម របស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក និងពិព័រណ៍អន្តរជាតិ នាពេលកន្លងមក ព្រមទាំងវឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលជាសេនាធិការ របស់ក្រសួងពាណិជ្ជកម្ម មានភារកិច្ចទទួលខុសត្រូវ រាល់ការចូលរួម របស់កម្ពុជា នៅក្នុងព្រឹត្តិកាណ៍ពិព័រណ៍នានា។

« ឥឡូវនេះ កម្ពុជាបានត្រៀម លក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ ពិភពលោកឌុយបៃ ឆ្នាំ២០២០ ហើយប្រាកដណាស់ យើងនឹងទទួលបាន ជោគជ័យ ដូចការចូលរួមពិព័រណ៍ ពិភពលោក នៅសៀងហៃឆ្នាំ២០១០ និងនៅអ៊ីតាលី ឆ្នាំ២០១៥ » ឯកឧត្តម រដ្ឋមន្ត្រី បានអះអាងបន្ថែម។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយមេដឹកនាំប្រទេស និងតំណាងអង្គការអន្តរជាតិ ដែលមានវត្តមាន នៅក្នុងកម្មវិធី ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ជាពិសេសធានាបាន នូវចំណែកទីផ្សារសម្រាប់ ទំនិញកម្ពុជា នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើង ក្រោមប្រធានបទ “Connecting Minds, Creating the Future” ដើម្បីលើកកម្ពស់ស្មារតី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំ ឱ្យប្រទេសសហភាពអារ៉ាប់រួម ទទួលបានជោគជ័យ នៅក្នុងការស្វែងរកមាគ៌ាថ្មី ឆ្ពោះទៅរកការអភិវឌ្ឍ និងនវានុវត្តន៍ (ភាពច្នៃប្រឌិតថ្មី)។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាកម្លាំងចលករ ដើម្បីពន្លឿនការតភ្ជាប់ ទស្សនៈរួមរបស់ពិភពលោក ព្រមទាំងជំរុញប្រទេស ចូលរួមទាំងអស់ ចាត់វិធានការដោះស្រាយ បញ្ហាប្រឈមរួមគ្នា ដើម្បីបង្កើតអនាគតភ្លឺស្វាង សម្រាប់មនុស្ស ទូទាំងសាកលលោក។

ដើម្បីទស្សនាស្ប៉តវីដេអូ ស្តីពីព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០ សូមចុចលើតំណភ្ជាប់នេះ https://youtu.be/DQn8qM8nEI4