ឯកឧត្តមអនុរដ្ឋលេខាធិការ ខូវ មករា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “យន្តការសម្របសម្រួលឆ្លើយតបនឹងបញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”

26 11 2018

ព្រឹកថ្ងៃច័ន្ទ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការ​​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាស្តីពី “ យន្តការសម្របសម្រួល ឆ្លើយតបនឹងបញ្ហាសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ” ដោយមានការអញ្ជើញចូលរួម ពីបណ្តាប្រតិបត្តិករទូរគមនាគមន៍ និងអុីនធឺណិត ទាំងអស់នៅកម្ពុជា។ 

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជា បានទទួលរងនូវការវាយប្រហារ DDoS (Distributed Denial of Service) មកកាន់បណ្តាប្រតិបត្តិករ ផ្តល់សេវាអុីនធឺណិត ធំៗមួយចំនួន ដែលបានធ្វើឲ្យមានការរអាក់រអួល ក្នុងការផ្តល់សេវាអុីនធឺណិត ទៅដល់អ្នកប្រើប្រាស់ និងសេវាអនឡាញមួយចំនួនធំ នៅកម្ពុជា។ វាគឺជាការវាយប្រហារដ៏ធំមួយ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលទំហំ នៃការវាយលុក បានកើនឡើងដល់ 150Gbps។  កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីប្រមូលព័ត៌មានបន្ថែមទៀត និងធ្វើការជជែកពិភាក្សា រកយន្តការសម្របសម្រួលណាមួយ ក្នុងការឆ្លើយតបទៅនឹងបញ្ហានានា ពាក់ព័ន្ធសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT Security) ក្នុងពេលអនាគត៕