កម្ពុជា-ILO ពង្រឹងសមត្ថភាពបន្ថែម ដល់អ្នកពាក់ព័ន្ធលើការតាមដាន និងវាយតម្លៃប្រាក់ឈ្នួលអប្បបរមា

26 11 2018

នៅឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បបរមា​ របស់កម្មករនិយោជិត នឹងត្រូវអនុវត្តការដំឡើង តាមច្បាប់ប្រាក់ឈ្នួល អប្បបរមា ហើយដើម្បីអនុវត្ត ការងារនេះ ឱ្យមានប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) រៀបចំសិក្ខាសាលា កម្រិតខ្ពស់មួយ ស្តីពី ការពិនិត្យតាមដាន ប្រាក់ឈ្នួលអប្បបរមា។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Graeme Buckley នាយកប្រចាំតំបន់អង្គការ ILO ប្រចាំនៅប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសថៃ នៅសណ្ឋាគារ រ៉ាហ្វលឡីរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តម ហេង សួរ បានលើកឡើងថា ដើម្បីធានាបាននូវយន្តការ កំណត់ប្រាក់ឈ្នួលអប្បបរមា ដែលពិតជាមាន សារប្រយោជន៍យ៉ាងខ្លាំង ក្នុងការធានាបាន នូវសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់ កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានា នូវស្ថិរភាព និរន្តភាព នៃវិស័យពាណិជ្ជកម្ម និងការទាក់ទាញ ការវិនិយោគ នៅប្រទេសកម្ពុជា ក្រសួងបានរៀបចំច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា អនុលោម តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមច្បាប់ ស្ដីពីការងារក៏កំណត់ផងដែរ អំពីប្រាក់ឈ្នួលអប្បបរមា ដែលចាំបាច់ក្នុងការធានា នូវជីវភាពរស់នៅ សមរម្យរបស់កម្មករ និយោជិតគ្រប់រូប និងអនុសញ្ញាអន្តរជាតិ ខាងការងារលេខ១៣១ និងអនុសាសន៍លេខ១៣៥ ស្ដីពីការកំណត់ ប្រាក់ឈ្នួលអប្បបរមា ដែលតម្រូវឱ្យមានប្រព័ន្ធ កំណត់ប្រាក់ឈ្នួលអប្បបរមាមួយ តាមបែបវិទ្យាសាស្ត្រ។

ឯកឧត្តមថា ច្បាប់នេះមាន ៦ជំពូក និង៣0មាត្រា ដែលនឹងមានវិសាលភាព គ្របដណ្តប់លើសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងទ្បាយ ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងមានគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ បង្កើនផលិតភាព របស់កម្មករនិយោជិត និងជំរុញឱ្យមាន បរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរ ប្រកបដោយភាពទាក់ទាញ និងមានគោលដៅ (១)-ធានាការកំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់ ជនទាំងទ្បាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ (២)-បង្កើតនីតិវិធីកំណត់ ប្រាក់ឈ្នួលអប្បបរមា តាមបែបវិទ្យាសាស្រ្ត ដោយផ្អែកលើលក្ខណវិនិច្ឆ័យ បែបសង្គម និងសេដ្ឋកិច្ច (៣)-បង្កើតក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដើម្បីជាយន្តការត្រីភាគី សម្រាប់សិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ របស់ជនទាំងទ្បាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។

ឯកឧត្តមបន្តថា សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជី នៅក្រសួងការងារ និងបណ្តុះបណ្តាល មានចំនួនសរុបជាង ១ម៉ឺន២ពាន់ និងមានកម្មករនិយោជិត សរុបចំនួនជិត ១លាន៥សែននាក់, សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ច ក្រៅប្រព័ន្ធសរុប មានចំនួនជិត ៦សែន មានកម្មករចំនួនជាង ២លាន៤សែននាក់, វិស័យកសិកម្មប្រមាណជាង ៤លាននាក់, ពលករធ្វើការនៅក្រៅប្រទេស មានចំនួនប្រមាណ ១លាន២សែន និងមន្ត្រីសាធារណៈចំនួនប្រមាណជាង ៥សែននាក់។

ការបន្តរីកលូតលាស់ ផ្នែកសេដ្ឋកិច្ច ក៏បានផ្តល់លទ្ធភាព ឱ្យរាជរដ្ឋាភិបាល អាចអភិវឌ្ឍ និងពង្រីកជាបន្តបន្ទាប់ នូវប្រព័ន្ធគាំពារសង្គម សម្រាប់កម្មករ និយោជិត សំដៅធានា ឱ្យកាន់តែបាននូវនិរន្តភាពការងារ ប្រាក់ចំណូល និងភាពកក់ក្តៅ ក្នុងចិត្តរបស់កម្មករ និយោជិត និងគ្រួសារ ដោយបានដាក់ ឱ្យអនុវត្តនូវរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានកំណត់ ឱ្យនិយោជក ជាអ្នកបង់វិភាគទាន ១០០% ជំនួសកម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ ចាប់ពីខែមករា ឆ្នាំ២០១៨ កន្លងមក ហើយសម្រាប់កម្មករ និយោជិតក្រៅប្រព័ន្ធ ត្រូវប្រើប្រាស់មូលនិធិសមធម៌។ លើសពីនេះ កម្មការិនីសម្រាលកូនត្រូវ ទទួលបានការផ្តល់សាច់ប្រាក់ ៤០ម៉ឺនរៀល ក្នុងកូនម្នាក់ ទាំងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទន្ទឹមនេះ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង ជាបន្តបន្ទាប់ពីចំនួន ៤០ដុល្លារអាមេរិក ក្នុងមួយខែ នៅក្នុងឆ្នាំ១៩៩៧ ដល់ ១៨២ដុល្លារអាមេរិក ក្នុងមួយខែ នៅឆ្នាំ២០១៩ ខាងមុខនេះ បូកនឹងប្រាក់អត្ថប្រយោជន៍ បន្ថែមផ្សេងៗទៀតកម្មករ និយោជិតម្នាក់ អាចទទួលបាន ប្រាក់ឈ្នួលជាមធ្យមពី ១៩៩-២១០ដុល្លាអាមេរិក ក្នុងមួយខែ ដែលកម្រិតប្រាក់ឈ្នួលនេះ បានជួយធ្វើឱ្យ កម្រិតជីវភាពរស់នៅ របស់ម្មករនិយោជិត កាន់តែប្រសើរ។

លោក Graeme Buckley បានឱ្យដឹងថា សិក្ខាសាលាកម្រិតខ្ពស់ នៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព បច្ចេកទេស មួយកម្រិតទៀត លើការត្រួតពិនិត្យតាមដាន និងវាយតម្លៃប្រាក់ឈ្នួល អប្បបរមា ដល់ភាគីរាជរដ្ឋាភិបាល ដែលជាសមាជិក គណៈកម្មការ ប្រឹក្សាការងារ និងក្រុមការងារបច្ចេកទេស ចរចាប្រាក់ឈ្នួល ព្រមទាំងប្រមូលធាតុ ចូលពីភាគីពាក់ព័ន្ធ ដើម្បីបង្កើតបណ្តុំ សូចនាករតាមដាន និងវាយតម្លៃផលវិបាក នៃបម្រែបម្រួលប្រាក់ឈ្នួល អប្បបរមា នៅកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត៕