ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិ ភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨

28 11 2018

ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុប ការងារសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ដោយមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់ របស់ក្រសួង សមាជិកសមាជិកា គណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធផងដែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ បានបង្ហាញឲ្យឃើញថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១៨នេះ មានការថយចុះ៨% បើប្រៀបធៀប នឹងត្រីមាសទី២ ក្នុងឆ្នាំដដែល និងមានការថយចុះ១០% បើប្រៀបធៀបនឹងត្រីមាសទី៣ដូចគ្នាក្នុងឆ្នាំ២០១៧។ លទ្ធផល នៃការថយចុះនេះកើតឡើង ពីការខិតខំ ប្រឹងប្រែងរបស់មន្ត្រីទទួលបន្ទុក ដោយមានកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធទាំង អស់ក្នុងការធ្វើយុទ្ធ នាការផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការ ពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាតជាដើម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យបង្កើនកិច្ចសហការ ពង្រឹងការអនុវត្តច្បាប់ ធ្វើយុទ្ធនាការផ្សព្វផ្សាយ សាធារណៈ ពីច្បាប់ចរាចរណ៍ ការផ្សព្វផ្សាយ តាមទូរទស្សន៍ ពីផលលំបាកនិងការខាតបង់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាព និងយុទ្ធនាការផ្សេងៗ ថែមទៀត ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តថា៖ ក្រសួងបានប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការសាងសង់ផ្លូវ ពង្រីកផ្លូវ លើកកម្ពស់កម្រិតគុណភាពផ្លូវ ដាក់ឱ្យ ដំណើរការសេវាដឹកជញ្ជូន តាមផ្លូវទឹក ផ្លូវដែក ជាពិសេសការអភិវឌ្ឍ កម្មវិធី Road Care App ដែលអាចឱ្យ សាធារណជនថតរូបភាព ផ្លូវជង្ហុកសំបុកមាន់ រួចផ្ញើទៅមន្ត្រីជំនាញ ដើម្បីជួសជុល បានទាន់ពេលវេលា។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណ ដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតរមួត កន្លងមក ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នេះ៕