ម៉ាឡេស៊ីចាប់ផ្តើមកែលំអ លក្ខខណ្ឌជ្រើសរើសពលករបរទេស ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

29 11 2018

ថ្លែងក្រោយជំនួប​ ពិភាក្សាការងារ រវាង ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទីភ្នាក់ងារ ជ្រើសរើសពលករ ម៉ាឡេស៊ី ចំនួនបី នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅទីស្តីការក្រសួងការងារ ឯកឧត្តម ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា លក្ខខណ្ឌការងារ ដែលភាគីម៉ាឡេស៊ីផ្លាស់ប្តូរថ្មី រួមមាន នីតិវិធី ក្នុងការជ្រើសរើសពលករ និងការតំឡើងប្រាក់ឈ្នួលខ្ពស់ ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជា ឲ្យទៅធ្វើការ នៅប្រទេសរបស់ខ្លួន ឲ្យកាន់តែច្រើន ថែមទៀត ។

ឯកឧត្តម ហ៊ូ វុទ្ធី បានបន្តថា នីតិវិធីក្នុងការជ្រើសរើស ពលករថ្មីនេះ គឺពលករមិនចាំបាច់ចំណាយ ពេលវេលាយូរ ដូចមុនទេ ពោលគឺឲ្យតែភាគី ម៉ាឡេស៊ី ត្រូវការពលករ គឺអាចបញ្ជូនទៅធ្វើការបាន ខណៈកាលពីមុនពលករ ត្រូវមានកិច្ចសន្យាការងារ និងបំពេញបែបបទផ្សេងៗទៀត ទើបអាចបញ្ជូនទៅ បានត្រូវប្រើពេលយូរ។ ទន្ទឹមនឹនេះម៉ាឡេស៊ី បានតំឡើងប្រាក់ឈ្នួល ដល់ពលករបរទេស ដែលទៅធ្វើការនៅម៉ាឡេស៊ី ប្រមាណជាង ៣០០ដុល្លារក្នុង ១ខែ ដើម្បីឲ្យពលករទទួលបាន នូវប្រាក់ចំណូលខ្ពស់ជាងមុន ក្នុងការដោះស្រាយជីវភាព ប្រចាំថ្ងៃ និងផ្ញើត្រឡប់ មកស្រុកកំណើតផងដែរ។

ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានស្នើឲ្យទីភ្នាក់ងារ ជ្រើសរើសពលករ ម៉ាឡេស៊ីទាំងបី សហការជាមួយទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជា ត្រូវធ្វើការរួមគ្នាជាឯកច្ឆ័ន ក្នុងសំលេងតែមួយជាមុនសិន ពាក់ព័ន្ធទៅ នឹងលក្ខខណ្ឌការងារថ្មីៗ ហើយបន្ទាប់ពី បានលទ្ធផលហើយ ក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរ ត្រូវពិភាក្សាគ្នាឡើងវិញ លើកិច្ចការងារទាំងនេះ មុននឹងដាក់ជូនរដ្ឋមន្ត្រី ប្រទេសទាំងពីរ សម្រេចជាចុងក្រោយ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ិត សំហេង នៅតែរក្សាចំហរ ទៅតាមកិច្ចព្រមព្រៀង លើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀង ជាមួយគ្នាកន្លងមក លើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ដែលទៅធ្វើការនៅម៉ាឡេស៊ី ដែលរដ្ឋាភិបាល ទាំងពីរបានព្រមព្រៀង ជាមួយគ្នារួចហើយ វាជាឯកសាផ្លូវការស្របច្បាប់ ដែលក្លាយជាក្របខណ្ឌ កិច្ចសហប្រតិបត្តិការ លើវិស័យការងារ កាន់តែប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ប្រាក់ឈ្នួលនៅកម្ពុជា ក៏មានការកើនឡើងខ្ពស់ ដូច្នេះខាងម៉ាឡេស៊ី ត្រូវផ្តល់ផលប្រយោជន៍ ដល់ពលករកម្ពុជា តាមរយៈប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌការងារល្អ ទើបអាចទាក់ទាញពលករកម្ពុជា ចេញទៅធ្វើការនៅទីនោះបាន។ រីឯប្រទេស ដែលជាគោលដៅ ប្រកួតប្រជែង ក៏មានច្រើនផងដែរ ដូចជាកូរ៉េ ជប៉ុន សឹង្ហបុរី ថៃជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិ ជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិ ដល់ពលករខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការ នៅប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាចំនួន ០២ ៖
(១) អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករ
(២) អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការជ្រើសរើស និងប្រើប្រាស់ពលករការងារផ្ទះ

បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើស ឯកជនកម្ពុជា ដែលទទួលបានកាអនុញ្ញាត ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន (គិតត្រឹម ខែតុលា ឆ្នាំ២០១៨)។