អាជ្ញាធរជាតិអប្សរា តាំងបង្ហាញជាសាធារណៈ ដើម្បីត្រៀមសម្ពោធការតាំងពិព័រណ៍ផ្លូវការអំពីសកម្មភាព និងសមិទ្ធផល ២៥ឆ្នាំ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

29 11 2018

អាជ្ញាធរជាតិអប្សរា រួមនិងស្ថាប័នដៃគូពាក់ព័ន្ធ បានរៀបចំការតាំង​បង្ហាញ ជាសាធារណៈ​ ដើម្បីត្រៀមសម្ពោធការ​ តាំងពិព័រណ៍ផ្លូវការ​អំពីសកម្មភាពការងារ និងសមិទ្ធផលនានា​​ របស់គណៈកម្មាធិការអន្ដរជាតិ សម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។ ការតាំងបង្ហាញនេះ ធ្វើឡើងរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី ១២ ធ្នូ ឆ្នាំ២០១៨ នៅបរិវេណសួនច្បារ មហាសណ្ឋាគារអង្គរ ឬក្រោយទីសក្ការៈព្រះអង្គចេក ព្រះអង្គចម។

គោលបំណង នៃការតាំងបង្ហាញនេះ គឺដើម្បីបង្កើនការផ្សព្វផ្សាយ និងយល់ដឹងជាសាធារណៈ អំពីសកម្មភាព និងសមិទ្ធផលសំខាន់ៗ របស់គណៈកម្មាធិការ អាយសីុសីុ-អង្គរ លើគម្រោងអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ រយៈពេល ២៥ឆ្នាំកន្លងមក ដល់សិស្សានុសិស្ស និសិត្ស សាធារណជន និងភ្ញៀវទេសចរគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ការសម្ពោធពិព័រណ៍ផ្លូវការ អំពីសកម្មភាព និងសមិទ្ធផលសំខាន់ៗ ២៥ឆ្នាំ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទ សុខាសៀមរាប៕