កម្ពុជានឹងអនុវត្តគម្រោង​ អភិវឌ្ឍន៍ទេសចរណ៍ នៅខេត្តកែប និងព្រះសីហនុ ក្រោមជំនួយរបស់ ADB ៣០លានដុល្លារ

29 11 2018

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងគណៈកម្មការ​ អភិវឌ្ឍន៍ទេសចរណ៍ ជាសេនាធិការ នឹងអនុវត្តគម្រោង អភិវឌ្ឍន៍ទេសចរណ៍ ជំហានទី២ នៅខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ក្រោមជំនួយថវិកា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ៣០លានដុល្លារអាមេរិក។ នេះបើតាមឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងទេសចរណ៍។

ក្នុងកិច្ចសម្ភាសក្រោយកិច្ចប្រជុំ គណៈកម្មការអភិវឌ្ឍន៍ ទេសចរណ៍ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ ទេសចរណ៍ជំហានទី២នេះ រួមមាន៖ គម្រោងរៀបចំ បង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុង នៅខេត្តកែប និងគម្រោងបីទៀត នៅខេត្តព្រះសីហនុ មានដូចជាគម្រោងធ្វើផ្លូវទេសចរណ៍ តាមបណ្ដោយឆ្នេរសមុទ្រ គម្រោងបង្កើត រោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាង កំពង់ផែទេសចរណ៍ នៅក្រុងព្រះសីហនុ និងនៅកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តម បានបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទាន សប្បទានពីធនាគារ ADB សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយ បរិយាប័ន្ន ជំហានទី២ ក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) គ្រោងចំណាយថវិកា ៣០លានដុល្លារអាមេរិក សម្រាប់អនុវត្ត នៅខេត្តតំបន់ឆ្នេរ៖ ១. គម្រោងគ្រប់គ្រងកាកសំណល់រឹង នៅខេត្តកែប, ២. សាងសង់ផែទេសចរណ៍ ចំនួន២ នៅខេត្តព្រះសីហនុ និងកោះរ៉ុង ផ្លូវតាមបណ្តោយឆ្នេរ នៅខេត្តព្រះសីហនុ ផ្លូវដើរ តាមមាត់សមុទ្រ នៅកោះរ៉ុង, ៣. ការអនុវត្តស្តង់ដា ទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដា សុវត្ថិភាព មានការធានាបានល្អ។

ឯកឧត្តម ទិត ចន្ថា មានប្រសាសន៍បន្តថា ក្រសួងទេសចរណ៍ និងធនាគារ ADB បានចាប់ផ្ដើមអនុវត្ត ជំហានទី១ បណ្ដើរៗមកហើយ នូវគម្រោង ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ប្រកបដោយ បរិយាប័ន្ន នៅក្នុងមហាអនុតំបន់ទន្លេគង្គ (GMS) ក្នុងនោះមាន គម្រោងកំពង់ផែទេសចរណ៍ នៅខេត្តកំពត គម្រោងបង្កើតប្រព័ន្ធ សម្អាតទឹកកខ្វក់ នៅផ្សារក្ដាម ខេត្តកែប គម្រោងអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ នៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលគម្រោងមួយនេះ បាននិងកំពុងអនុវត្តប្រកប ដោយជោគជ័យ៕