ឯកឧត្តមវេង សាខុន អនុញ្ញាតឲ្យលោក Hubert Boirard នាយកប្រតិបត្តិតំណាងកសិករ ប្រចាំអាស៊ី ប៉ាស៊ីហ្វីក នៃអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម IFAD និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

30​ 11 2018

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាត​ ឲ្យលោក Hubert Boirard នាយកប្រតិបត្តិ តំណាងកសិករ ប្រចាំអាស៊ី ប៉ាស៊ីហ្វីក នៃអង្គការមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ វិស័យកសិកម្ម IFAD និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងរចនាសម្ព័ន្ធ តួនាទីរបស់អង្គការកសិករ និងសុំការគាំទ្រ កិច្ចសហការពីក្រសួង សម្រាប់ពង្រឹងភាព ជាដៃគូ រវាងវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការកសិករ និងដៃគូអភិវឌ្ឍន៍នានា សំដៅរួមចំណែកអភិវឌ្ឍ វិស័យកសិកម្ម និងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។

លោក Hubert បានជម្រាប ឯកឧត្តមរដ្ឋមន្រ្តីថា ក្នុងឱកាសដែលលោក បានអញ្ជើញចុះទៅពិនិត្យការងារ គម្រោងដែលបាន និងកំពុងអនុវត្ត នៅតាមបណ្តាខេត្ត គោលដៅ ឃើញថាប្រជាកសិករ ឬសមាជិកសហគមន៍ ដែលស្ថិតនៅក្នុងកម្មវិធី របស់គម្រោង មានប្រាក់ចំណូលកើនឡើង គួរឲ្យកត់សម្គាល់ ជីវភាពគ្រួសារ មានការរីកចម្រើន និងមានការសហការគ្នាល្អ រវាងសមាជិកសហគមន៍។ លោកបានបញ្ជក់បន្ថែមថា ដើម្បីកែលម្អ និងអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ ឲ្យមានការរីកចម្រើន បានមួយកម្រិតទៀត ទាមទារកិច្ចសហការ ពេញលេញ ពីគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ IFAD តែម្តង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ជូនចំពោះអង្គការ IFAD និង សហគមន៍អ៉ឺរ៉ុប ដែលបាន និងកំពុងជួយឧបត្ថម្ភ គាំទ្រទាំង ហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសអភិវឌ្ឍ វិស័យកសិកម្ម ឲ្យមានការរីកចម្រើន ហើយលោកសង្ឃឹម និងជឿជាក់ថា អង្គការអន្តរជាតិនានា ដែលជាដៃគូអភិវឌ្ឍ នៅកម្ពុុជា នឹងបន្តគាំទ្រ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឲ្យសម្រេចបាន តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ នាឆ្នាំ២០៣០។ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ជូន លោក Hubert ថាក្រសួង នឹងរង់ចាំផ្តល់កិច្ចសហការ ឲ្យអស់ពីលទ្ធភាព ជាមួយអង្គការ ដើម្បីធ្វើយ៉ាងណាឲ្យ គម្រោងទទួលបានជោគជ័យ។ នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលរបស់គម្រោង ដែលសម្រេច បានក្នុងរយ:ពេលកន្លងមក ហើយដើម្បីបង្កើន ប្រសិទ្ធភាព នៃការអនុវត្តគម្រោង ទទួលបានលទ្ធផលល្អប្រសើរ បានមួយកម្រិតទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជូនសារគន្លឹះមួយចំនួន ដូចជា ១-គួរសហការ ជាមួយដៃគូ អភិវឌ្ឍដទៃទៀត ដើម្បីបង្កើតគម្រោងមួយ ដែលមានសក្តានុពល គ្របដណ្តប់ ទៅលើសេចក្តីតម្រូវការចាំបាច់ ក្នុងសហគមន៍ កសិកម្ម។ ២-គួរបញ្ចូលបច្ចេកទេស កសិកម្មថ្មី សមស្របដែលកសិករ អាចទទួលយកបាន និងរៀបចំផែនការ ដាំដុះឲ្យបានស្រប តាមការប្រែប្រួល អាកាសធាតុ ស្ថានភាព និងគុណភាពដី ប្រភពទឹក ដើម្បីធ្វើការការប្រកួតប្រជែង និងឆ្លើយតបតម្រូវការទីផ្សារ។ ៣-ជួយពង្រឹង សមត្ថភាព ក្នុងការផលិត និងការកែច្នៃ ឲ្យដល់ដៃប្រជាកសិករ និងវិស័យឯកជន ធ្វើយ៉ាងណា ឲ្យភាគីទាំងពីរ មានឱកាសសហការគ្នា ផលិតឲ្យបានសមស្រប តាមតម្រូវការ គុណភាព និងស្តង់ដារទីផ្សារ តាមរយ:ការអនុវត្តកសិកម្មតាមកិច្ចសន្យា។