សមាគមកម្ពុជា-ម៉ាឡេស៊ី ចុះMOU លើកកម្ពស់សិទ្ធិ សុខុមាលភាព និងកិច្ចគាំពារដល់ពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

05 12 2018

សមាគមទីភ្នាក់ងារ ហត្ថពលកម្មកម្ពុជា (MAC) សមាគមទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជា (ACRA) បានចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា ស្តីពីការសហការការពារ ពលករកម្ពុជា ធ្វើការនៅម៉ាឡេស៊ី ជាមួយ សមាគមម៉ាឡេស៊ី នៃទីភ្នាក់ងារស្រ្តី ជំនួយការមេផ្ទះ (PAPA) សមាគមជាតិធនធនមនុស្ សម៉ាឡេស៊ី (PUSMA) និង សមាគមជាតិម៉ាឡេស៊ី ទីភ្នាក់ងារការងារ (PIKAP) ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការ ក្រសួងការងារ នាថ្ងៃទី0៥ ខែធ្នូ ឆ្នាំ២០១៨។

គោលបំណង នៃអនុស្សរណៈយោគយល់គ្នានេះ សំដៅបង្កើតកិច្ចសហប្រតិបត្តិការ រវាងសមាគមទាំងប្រាំ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារពលករ ទេសន្តប្រទេសន៍កម្ពុជា ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះទៀត អនុស្សរណៈយោគយល់គ្នានេះ ក៍ជាយន្តការថ្មីមួយ នៅក្នុងការធ្វើសកម្មភាព បង្កើនអត្ថប្រយោជន៍ជូនពលករ ទេសន្តប្រវេសន៍កម្ពុជា ដែលទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី។

ការបើកដំណើរការឡើងវិញ នៃការជ្រើសរើស និងបញ្ជូនពលករ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅបរទេសរួចមក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើន សម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិ ដល់ពលករខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើស ឯកជនកម្ពុជា ដែលទទួលបានកាអនុញ្ញាត ពីក្រសួងមានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការ នៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន ( គិតត្រឹម ខែតុលា ឆ្នាំ២០១៨ )។