រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញគោលនយោបាយសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ដល់វិស័យឯកជនប្រទេសឡាវ

06 12 2018

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូន ប្រមុខពាណិជ្ជកម្ម និងវិស័យឯកជន នៃប្រទេសឡាវ អំពីគោលនយោបាយ បើកចំហរ និងគោលនយោបាយគាំពារ វិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបត់បែន និងអំណោយផលខ្ពស់ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស អាចជួយអ្នកវិនិយោគិន បង្កើតប្រាក់ចំណេញ ក្នុងរយៈពេលយូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ចកម្ពុជា។

ការលើកឡើង របស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំ គណៈប្រតិភូ ចូលរួមវេទិកាធុរកិច្ចឡាវ-កម្ពុជា ដែលរៀបចំឡើង នៅក្នុងរាជធានី វៀងចន្ទ កាលពីថ្ងៃរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងផ្លាស់ប្តូរយោបល់ អំពីការធ្វើធុរកិច្ចនា ពេលអនាគត។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើភាគីឡាវ ជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់ព្រំដែន ព្រមទាំងបានជំរុញ វិស័យឯកជន ប្រទេសទាំងពីរ បង្កើនកិច្ចសហការទ្វេដង ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមា ពីការធ្វើសមាហរណកម្ម ក្នុងតំបន់ ខណៈដែលទំហំ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឡាវ នៅមានកម្រិត នៅឡើយ គឺបានកើនឡើងតិចតួច ពីទឹកប្រាក់ ២៥,៦២លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ២៧,២៥ លានដុល្លារ នៅឆ្នាំ២០១៧។

ជាការឆ្លើយតប លោកជំទាវ ខែមម៉ានី ភូលសេនា (Khemmani Pholsena) រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម នៃប្រទេសឡាវ បានសម្តែងការគាំទ្រ និងឯកភាព ជាមួយសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងបានស្នើសុំភាគីកម្ពុជា ជាពិសេសវិស័យឯកជន បន្តជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងប្រទេសឡាវ។

បន្ថែមលើនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបណ្តាញ អគ្គិសនីថែមទៀត ជាពិសេសតំបន់ នៅជាប់ព្រំដែនផ្លូវគោក ដើម្បីសម្រួលដល់ការ ធ្វើពាណិជ្ជកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

សូមជម្រាបថា វេទិកាធុរកិច្ចឡាវ-កម្ពុជា គឺជាផ្នែកមួយ នៃកម្មវិធីដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងវិស័យដទៃទៀត ដែលភាគីទាំងពីរធ្លាប់ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នា នាពេលកន្លងមក ឱ្យកាន់តែប្រសើរឡើងថែមទៀត៕