កិច្ចប្រជុំពិភាក្សាលើលក្ខខណ្ឌតភ្ជាប់បណ្ដាញលូសាធារណៈ ការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់

06 12 2018

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅ ទីស្ដី ការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ហេង រត្នពិសិដ្ឋ អគ្គនាយក​ នៃអគ្គនាយកដ្ឋាន សាធារណការ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីលក្ខខណ្ឌតភ្ជាប់ បណ្ដាញលូសាធារណៈ ដោយមានការ ចូលរួមពីតំណាងក្រសួង និងដៃគូពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ។

កិច្ចប្រជុំនេះមាន គោលបំណងពិភាក្សា លើបញ្ហាបច្ចេកទេស ក្នុងការតភ្ជាប់បណ្ដាញលូសាធារណៈ ដោយតម្រូវ ឱ្យឆ្លងកាត់អាងស៊ិបទិច ឬគ្មានអាងស៊ិបទិច ក្នុងតំបន់ ដែលមានប្រព័ន្ធលូ និងប្រព័ន្ធ ប្រព្រឹត្តកម្មត្រឹមត្រូវ ព្រមទាំងបានពិភាក្សា លើការរៀបចំកញ្ចប់ហិរញ្ញវត្ថុ ប្រកបដោយចិរភាព ក្នុងការ គ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ផងដែរ។

ឯកឧត្ដមអគ្គនាយក បានគូសបញ្ជាក់ថា បច្ចុប្បន្នគម្រោងលូខ្នែង សម្រាប់ប្រមូលយកទឹកសំណល់ នៅខេត្តសៀមរាប បាននឹងកំពុងសិក្សា ដោយក្រុមហ៊ុន SUEZ ដោយមានការគាំទ្រ ពីទីភ្នាក់ងារអភិវឌ្ឍន៍ សម្រាប់ទ្វីបអាស៊ី (CDIA) ក្រោមគម្រោងវិនិយោគ របស់ធនាគារពិភពលោក ចំណែកនៅតាមបណ្ដាខេត្ត ផ្សេងៗទៀត នឹងត្រូវធ្វើឡើងបន្ទាប់ ពីការសិក្សានៅខេត្តសៀមរាប បានចប់សព្វគ្រប់។

គម្រោងលូខ្នែងនេះ នឹងបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ ទៅកាន់ បណ្ដាញលូសាធារណៈ ព្រមទាំងងាយស្រួល ក្នុងការគ្រប់គ្រង ថែទាំ និងរក្សាបាននូវអនាម័យល្អ បរិស្ថាន ស្អាតសម្រាប់ប្រទេសជាតិ។

ឯកឧត្ដមអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទីភ្នាក់ងារអភិវឌ្ឍន៍ សម្រាប់ទ្វីបអាស៊ី និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដែលតែងតែគាំទ្រ និងសហការយ៉ាងសកម្ម នូវរាល់សកម្មភាពពង្រីក ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកសំណល់ ក៏ដូចជាការអភិវឌ្ឍ ធនធានមនុស្ស សំដៅជំរុញការអភិវឌ្ឍ វិស័យនេះ ឱ្យមានការរីកចម្រើន ប្រកបដោយចិរភាពផងដែរ៕