ចាប់ពីពេលនេះតទៅ​ ប្រជាពលរដ្ឋអាចរាយការណ៍ដោយផ្ទាល់ ពីផ្លូវជង្ហុកសំបុកមាន់ ទៅកាន់អាជ្ញាធរ ដើម្បីជួសជុលបានទាន់ពេលវេលា

13 12​ 2018

ថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដោយមានការចូលរួម ពីក្រសួងសា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីថែទាំផ្លូវនេះ បង្កើតឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនង រវាងអ្នកប្រើប្រាស់ផ្លូវថ្នល់ និងក្រុមការងារជួសជុលថែទាំផ្លូវ បង្កើនទំនួលខុសត្រូវ របស់អាជ្ញាធរ មានសមត្ថកិច្ច លើកកម្ពស់គុណភាពផ្លូវ ពង្រីកការចូលរួម ពីសាធារណជន បណ្ដុះស្មារតីស្រឡាញ់ ថែរក្សាសម្បត្តិជាតិ និងធ្វើជាម្ចាស់ការ លើទ្រព្យសម្បត្តិទាំងនោះ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីថែទាំផ្លូវនេះ ប្រជាពលរដ្ឋ អាចរាយការណ៍ ពីស្ថានភាពផ្លូវជង្ហុកសំបុកមាន់ ជូនអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដោយគ្រាន់តែប្រើកម្មវិធីនោះ ថត បន្ទាប់មកបញ្ជូនរូបភាព ឬវីដេអូឃ្លីប ទៅកាន់ក្រុមការងារ ទទួលបន្ទុកជាការស្រេច ដើម្បីមានវិធានការ ជួសជុលបានទាន់ពេលវេលា។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីថែទាំផ្លូវនេះ នឹងរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយផ្លូវជង្ហុក សំបុកមាន់ ព្រមទាំងជួយ ឱ្យប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ប្រកបដោយសុវត្ថិភាព ជាពិសេសជាងនេះទៅទៀត វាបង្ហាញពីការរីកចម្រើន នៃអរិយធម៌ខ្មែរ នាបច្ចុប្បន្ន តាមការរីកចម្រើន វិស័យព័ត៌មានវិទ្យានេះ។

សូមបញ្ជាក់ថា៖ កម្មវិធីថែទាំផ្លូវ ត្រូវបានបង្កើតឡើង ដោយស្នាដៃកូនខ្មែរយើងផ្ទាល់ ដែលជាមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយកម្មវិធីនេះ ត្រូវបានដាក់បញ្ចូលទៅកាន់ Play Store និង App Store ដែលអាចឱ្យប្រជាពលរដ្ឋ ទាញយកកម្មវិធីមកប្រើប្រាស់ នៅលើទូរសព្ទដៃ ស្មាតហ្វូនបាន ដោយមិនចាំបាច់ចំណាយប្រាក់។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ និងមន្ត្រី របស់ក្រសួង ដែលបានប្រើប្រាស់ អស់ពីកម្លាំងកាយ និងចិត្ត ព្រមទាំងពេលវេលា ផ្ដួចផ្ដើមឱ្យមានកម្មវិធីនេះឡើង និងបានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ទាញយកកម្មវិធីនេះ មកប្រើនៅលើទូរសព្ទស្មាតហ្វូន របស់ខ្លូន ចូលរួមយ៉ាងសកម្ម ក្នុងការរាយការណ៍ អំពីផ្លូវជង្ហុកសំបុកមាន់ និងតាមដានការវិវឌ្ឍ នៃរបាយការណ៍របស់ខ្លួន ថាតើផ្លូវជង្ហុក សំបុកមាន់នោះ បានជួសជុលរួច ហើយឬនៅ។

ជាងនេះទៅទៀត ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យមន្ត្រី ទទួលបន្ទុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ រក្សាទំនាក់ទំនងគ្នា យ៉ាងស្អិតរមួត ជាមួយប្រជាពលរដ្ឋ និងរាយការណ៍ត្រឡប់ទៅវិញភ្លាមៗ ក្រោយពីបានជួសជុលរួច៕