ឯកឧត្តមវេង សាខុន អញ្ជើញចុះពិនិត្យការប្រមូលផលត្រី នៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល

13 12​ 2018

នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញ នៃរដ្ឋបាលជលផល បានអញ្ជើញចុះពិនិត្យការប្រមូលផលត្រី នៅរដូវនេសាទ ឆ្នាំ២០១៨ របស់ប្រជានេសាទ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។

យោងលើសេចក្តីជូនដំណឹង ស្តីពីរដូវធ្វើប្រហុក ផ្អក របស់រដ្ឋបាលជលផល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានជម្រាប ជូនប្រជានេសាទថា ឆ្នាំនេះកំពស់ទឹកទន្លេសាប ស្រកចុះលឿនជាងឆ្នាំកន្លងមក ជាហេតុធ្វើឲ្យដាយ នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រី បានក្នុងខែមិគសិរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ខែធ្នូ ។ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវ ដល់ប្រជានេសាទ នៅទីជិត ឆ្ងាយអញ្ជើញ មកធ្វើប្រហុក ផ្អកទុកបរិភោគក្នុងគ្រួសារ។

បន្ទាប់ពីបានពិនិត្យ ការប្រមូលផលត្រីរួចមក ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានបន្តដំណើរទៅពិនិត្យ កសិដ្ឋានចិញ្ចឹមត្រីឆ្តោ របស់លោក ឡោ ស្រៀង នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលចិញ្ចឹមលើផ្ទៃប្រមាណ៤ ហត។ កសិដ្ឋាននេះដំណើរការបាន ៣ឆ្នាំហើយ មានលទ្ធភាពផ្គត់ផ្គង់ត្រីឆ្តោ ទៅទីផ្សារប្រមាណជា ៥០០តោនក្នុង១ឆ្នាំ។ សូមបញ្ជាក់ផងដែរថា តាំងពីរាជរដ្ឋាភិបាល សម្រេចអនុញ្ញាត ឲ្យមានការ ចិញ្ចឹមត្រី ឆ្តោឡើងវិញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពិនិត្យឃើញថា ការចិញ្ចឹមត្រីឆ្តោ កំពុងតែមានការកើនឡើង គួរឲ្យកត់សម្គាល់ ពោលគឺរហូត ដល់ជាង ៦០ពាន់តោន ក្នុងឆ្នាំ២០១៨នេះ។ បរិមាណនេះបាន ចូលរួមចំណែក កាត់បន្ថយការនាំចូល ពីប្រទេសជិតខាង កាត់បន្ថយការចាប់ត្រី ពីប្រភពធម្មជាតិ លើកកម្ពស់ផលិតភាព វារីវប្បកម្ម និងបង្កើនប្រាក់ចំណូល។

នាឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានរួមគ្នាប្រកាស ជាផ្លូវការ ស្តីពីជំនួយហិរញ្ញប្បទាន ឥតសំណង ពីសហគមន៍អឺរ៉ុប ដែលមាន ទឹកប្រាក់សរុប ៨៧លានអឺរ៉ូ ដែលគ្រោង នឹងចុះហត្ថលេខា ក្នុងពេលឆាប់ៗនេះ សម្រាប់អភិវឌ្ឍន៍វិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន CAPFISH - Capture។ មិនត្រឹមតែប៉ុណ្ណោះ កាលពីខែវិច្ឆិកាកន្លងទៅ ក៏មានការចុះហត្ថលេខា លើកិច្ចព្រមព្រាង ហិរញ្ញប្បទានប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ដែលក្នុងនោះ មានចំនួនទឹកប្រាក់ ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញ វិស័យជនផល ប្រកបដោយចីរភាព និងបរិយាប័ន សំដៅដល់ការអភិវឌ្ឍន៍ វិស័យវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ។